(បាងកក)៖ ប្រទេសថៃ បានដាក់ការហាមឃាត់ នៅថ្ងៃពុធ លើការជួបជុំមនុស្សច្រើន និងការរៀបចំព្រឹត្តិការណ៍នៅទូទាំងប្រទេស នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃវិរ៉ុស COVID-19 នៅក្នុងប្រទេសរបស់ខ្លួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំសាកល, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ។
អាជ្ញាធរ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជៀសវាងការធ្វើដំណើរ និងបានដាក់ការរឹតបន្តឹងលើវិធានការគ្រប់គ្រង នៅក្នុងតំបន់មួយចំនួន ក្នុងនោះរួមទាំងកន្លែងធ្វើអាជីវកម្មកម្សាន្តផងដែរ។ ការបិទតំបន់ ត្រូវបានធ្វើឡើង នៅក្នុងស្រុកមួយចំនួនផងដែរ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា បានរកឃើញករណីឆ្លងថ្មី ចំនួន២៥០ករណី នៅថ្ងៃពុធនេះ, ដែលចំនួននេះ ស្ថិតក្នុងចំណោមករណីឆ្លងប្រចាំថ្ងៃ ដែលច្រើនជាងគេបំផុត ចាប់តាំងពីការផ្ទុះឡើងដ៏ធំមួយ ត្រូវបានរកឃើញ កាលពីជិត២សប្តាហ៍មុន ដែលនោះគឺជាការរកឃើញករណីឆ្លង ច្រើនជាងគេបំផុតរបស់ថៃ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ថៃ មានករណីឆ្លងវីរ៉ុស COVID-19 ចំនួន៦,៦៩០ករណី ក្នុងនោះស្លាប់៦១ករណី៕