(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួនហើយនៅថ្ងៃពុធនេះ ដោយបុគ្គលិកសុខាភិបាលជួរមុខ ត្រូវបានផ្តល់អាទិភាព ក្នុងការទទួលបានការចាក់វ៉ាក់សាំងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok post នៅយប់ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងសុខាភិបាលសិង្ហបុរី បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា បុគ្គលិកសុខាភិបាលជាង ៣០នាក់ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង គឺជាក្រុមដំបូងគេ ដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃពុធនេះ។
លោកស្រី Sarah Lim អាយុ ៤៦ឆ្នាំ ជាគិលានុបដ្ឋាយិកាជាន់ខ្ពស់ នៃជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង គឺជាជនជាតិសិង្ហបុរីដំបូងគេ ដែលទទួលបានការវ៉ាក់សាំងនេះ ខណៈដែលលោកស្រី និងបុគ្គលិកដទៃទៀត នឹងវិលត្រឡប់មកចាក់វ៉ាក់សាំងដូសទី២ នៅ ២១ថ្ងៃក្រោយ។
នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី សៀនឡុង បានចាត់ទុកការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនេះ ជាជំពូកថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ តាមរយៈទំព័រហ្វេសប៊ុក នាយករដ្ឋមន្រ្តីរូបនេះបាននិយាយថា«ថ្ងៃនេះយើងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដោយមានបុគ្គលិកថែទាំសុខភាពជាង ៣០នាក់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លង ទទួលបានមុនគេ»។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី គឺជាប្រទេសទី១ នៅតំបន់អាស៊ី ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនរបស់ខ្លួន ហើយក៏ជាប្រទេសទី១ ដែលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ដែលផលិតឡើងដោយក្រុមហ៊ុន Pfizer-BioNTech នៅតំបន់អាស៊ីផងដែរ។ យន្តហោះដឹកជញ្ជូនវ៉ាក់សាំងជុំទី១ បានមកដល់ប្រទេសអាស៊ីមួយនេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ៕