(អាល់ហ្សេរី)៖ ប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ បានវិលត្រឡប់មកកាន់មាតុភូមិវិញហើយ បន្ទាប់ពីបានទទួលការព្យាបាល អស់រយៈពេលជាង ២ខែ នៅប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
ទូរទស្សន៍រដ្ឋ ENTV បានដកស្រង់សម្តីលោក Abdelmadjid Tebboune ដែលបានលើកឡើងយ៉ាងដូច្នេះថា៖ «ការនៅឆ្ងាយពីផ្ទះ គឺពិតជាពិបាកពេកហើយ...»។ លោក Tebboune បានបន្ថែមទៀតថា៖ «ខ្ញុំសូមអរគុណដល់ព្រះជាម្ចាស់ចំពោះ ការវិលត្រឡប់មកវិញរបស់ខ្ញុំ ដែលប្រកបដោយសុវត្ថិភាព ហើយខ្ញុំនឹងជាសះស្បើយ ទាំងស្រុងក្នុងពេលឆាប់ៗនេះ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboun ត្រូវបានបញ្ជូនទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីចុងខែតុលាកន្លងទៅនេះ ដើម្បីទទួលការព្យាបាល បន្ទាប់ពី បានឆ្លងវីរុសកូរ៉ូណា (COVID-19)។ កាលពីពាក់កណ្តាលខែធ្នូ លោក Tebboune បានបង្ហោះវីដេអូរយៈពេល ៥នាទីនៅលើគណនីបណ្ដាញសង្គម Twitter ផ្លូវការរបស់គាត់ ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីគាត់ចូលមន្ទីរពេទ្យឯកទេសមួយនៅអាល្លឺម៉ង់៕