(កាលីហ្វ័រញ៉ា)៖ គិលានុបដ្ឋាកម្នាក់ មានអាយុ៤៥ឆ្នាំ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ជាងមួយសប្ដាហ៍ ក្រោយទទួលការចាក់វ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
លោក Matthew ជាគិលានុបដ្ឋាកម្នាក់ បម្រើការងារនៅឯមន្ទីរពេទ្យ ២កន្លែងផ្សេង នៅក្នុងរដ្ឋកាលីហ័្វញ៉ា ដែលទទួលបានការចាក់វ៉ាក់សាំង COVID0-19 របស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅ បានប្រាប់ ABC ថាលោកមានអាការៈចុកដៃពេញមួយថ្ងៃ ដោយមិនមានផលប៉ះពាល់ណាផ្សេងទៀតនោះទេ។ ក៏ប៉ុន្តែ ៦ថ្ងៃក្រោយ ពោលគឺកំឡុង បុណ្យណូអែល លោកស្រាប់តែធ្លាក់ខ្លួនឈឺ បន្ទាប់ពីលោកបានបំពេញការងារនៅក្នុងអង្គភាព COVID-19 មួយ និងត្រូវបានតេស្ដវិជ្ជមាន នៅប៉ុន្មានថ្ងៃក្រោយបុណ្យណូអែល។
តែទោះជាបែបនេះក្ដី មិនទាន់មានការបញ្ជាក់លម្អិតជុំវិញបញ្ហានេះទេ ខណៈអ្នកជំនាញផ្នែកជំងឺឆ្លង លោក Christian Ramers អះអាងថា ការចាក់វ៉ាក់សាំងដូសដំបូង អាចការពារ ពី COVID-19 បានតែ៥០ភាគរយប៉ុណ្ណោះ ហើយការចាក់ដូសទី២ ទើបអាចការពារបាន៩៥ភាគរយ។ វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer អភិវឌ្ឍរួមគ្នាជាមួយ ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech គឺត្រូវឱ្យចាក់ចំនួនពីរដូស៕