(វ៉ាស៊ីនតោន)៖ ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅថ្ងៃពុធនេះ បានចុះហត្ថលេខាហើយលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅក្រោយពេល Brexit ជាមួយចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើ ត្រូវបានធ្វើឡើង នៅឯទីស្នាក់ការក្រុមប្រឹក្សាអឺរ៉ុប ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ នៅក្រោយពិធីនេះដែរ លោក Charles Michel បានគូសបញ្ជាក់ដូច្នេះថា៖ «កិច្ចព្រមព្រៀងដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះ គឺជាលទ្ធផលនៃកិច្ចចរចាយ៉ាងល្អិតល្អន់អស់រយៈពេលជាច្រើនខែមកនេះ...នេះគឺជា កិច្ចព្រមព្រៀងដ៏ត្រឹមត្រូវ និងប្រកបដោយតុល្យភាព ដែលការពារយ៉ាងពេញលេញនូវផលប្រយោជន៍ជាមូលដ្ឋានរបស់សហភាពអឺរ៉ុប និងបង្កើតស្ថេរភាព និងភាពឱ្យគួរទុកចិត្តបាន សម្រាប់ពលរដ្ឋអឺរ៉ុប និងក្រុមហ៊ុននានា»។
គួរបញ្ជាក់ថា លោកស្រី von der Leyen និងលោក Charles Michel បានចុះហត្ថលេខាលើឯកសារចំនួន៣ ក្នុងនោះរួមមានកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ, កិច្ចព្រមព្រៀងលើនីតិវិធីសម្រាប់ការផ្ដោះប្ដូរ និងការការពារព័ត៌មានសំងាត់ ព្រមទាំងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការនៅក្នុងការប្រើប្រាស់ ថាមពលអាតូមិចដោយសន្តិភាព។ កិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ជូនទៅកាន់ទីក្រុងឡុងដ៍ ដើម្បីឱ្យនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ចុះហត្ថលេខា៕