(ហ្សាការតា)៖ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូទី (Retno Marsudi) នៅថ្ងៃពុធនេះប្រកាសឱ្យដឹងថា ប្រទេសអាស៊ានមួយនេះបានចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងចំនួន ៥០លានដូស ពីក្រុមហ៊ុនផលិតឱសថ AstraZeneca របស់ចក្រភពអង់គ្លេស និង ៥០លានដូសទៀតពីក្រុមហ៊ុនផលិតឱសថ Novavax របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
អមជាមួយរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីសុខាភិបាលថ្មីរបស់ឥណ្ឌូណេស៊ី គឺលោក ប៊ូទី ហ្គាណាទី សាទីឃីន (Budi Gunadi Sadikin) បានលើកឡើងថា បេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងពីរនេះ នឹងផ្តល់ជម្រើសបន្ថែមទៀត ដល់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ លោក សាទីឃីន បានកត់សម្គាល់ទៀតថា ឥឡូវនេះយើងអាចពិចារណាពីដំណាក់កាលទី ២ អំពីបៀបចែកចាយវ៉ាក់សាំងបានហើយ។
ប្រទេសឥណ្ឌូណេស៊ីគ្រោងចាប់ផ្តើមយុទ្ធនាការចាក់ វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ក្រោយទទួលបានជាលើកដំបូង ១.២លានដូសនៅក្នុងខែធ្នូនេះ ហើយក៏រំពឹងដែរថា ខ្លួននឹងទទួលបាន ១.៨លានដូសបន្ថែមទៀត នៅក្នុងខែមករា ឆ្នាំ២០២១ ក្រោយទទួលបានការអនុម័ត ឱ្យប្រើប្រាស់នៅក្នុងករណីបន្ទាន់ ពីនិយ័តករឱសថឥណ្ឌូណេស៊ី។
បុគ្គលិកសុខាភិបាលជួរមុខប្រហែលជា ១.៣លាននាក់ នឹងទទួលបានអាទិភាពចាក់វ៉ាក់សាំងមុនគេ នៅក្នុងដំណាក់កាលលើកទី ១ នៅចន្លោះពីខែមករា ដល់មេសា ឆ្នាំ២០២១។ ចំណែកឯមន្ត្រីរាជការ នឹងក្លាយជាក្រុមមនុស្សបន្ទាប់ ជាពិសេសចំពោះអ្នកដែលរស់នៅ ក្នុងតំបន់ឆ្លងមានសញ្ញាពណ៌ក្រហម ដែលមានអាយុចន្លោះពី ១៨-៥៩ឆ្នាំ នឹងទទួលបានអាទិភាព នៅក្នុងដំណាក់កាលទី ២។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសឥណ្ឌូណេស៊ីបានប្រកាសថា ខ្លួននឹងហាមឃាត់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ មិនឱ្យធ្វើដំណើរចូលប្រទេសរយៈពេល ០២សប្តាហ៍ ក្នុងគោលបំណងដើម្បីទប់ស្កាត់ ការរីករាលដាលនៃវីរុសកូរ៉ូណាទម្រង់ថ្មី ដែលមានប្រភពពីចក្រភអង់គ្លេស។
គួរបញ្ជាក់ថា បទបញ្ជាថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសអាស៊ានមួយនេះ បានប្រកាសហាមឃាត់អ្នកដំណើរ មកពីចក្រភពអង់គ្លេស និងរឹតបន្តឹងច្បាប់សម្រាប់អ្នកដំណើរមកពីតំបន់អឺរ៉ុប និងអូស្រ្តាលី។ លោកស្រី Marsudi បានគូសបញ្ជាក់ថា បទបញ្ជាថ្មីនេះនឹងត្រូវអនុវត្ត ចំពោះភ្ញៀវទេសចរបរទេសទាំងអស់ លើកលែងតែមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ឬជនបរទេស ដែលមានការអនុញ្ញាតឱ្យស្នាក់នៅ ក្នុងប្រទេសមួយនេះតែប៉ុណ្ណោះ៕