(តៃប៉ិ)៖ រដ្ឋាភិបាលកោះតៃវ៉ាន់ បានសម្រេចចិត្តរួចហើយថា ខ្លួននឹងទិញវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ឲ្យគ្រប់ចំនួន ២០លានដូស ក្នុងនោះ ១០លានដូសនឹងត្រូវទិញពីក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលទើបទទួលបានការអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ ពីនិយ័តករឱសថអង់គ្លេស លើកដំបូងនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
កោះតៃវ៉ាន់ដែលមានប្រជាជនសរុបជាង ២៣លាននាក់ត្រូវបានទទួលស្គាល់ថា បាននិងកំពុងគ្រប់គ្រងជំងឺឆ្លង COVID-19 យ៉ាងល្អប្រសើរ ដោយគិតចាប់តាំងពីការរកឃើញវីរុសនេះដំបូងៗ អាជ្ញាធរគ្រប់គ្រងដែនកោះមួយនេះ អាចទប់ស្កាត់ទាន់ពេល។ គិតត្រឹមថ្ងៃពុធនេះ តៃវ៉ាន់មានករណីឆ្លង COVID-19 សរុបតែ ៧៩៧ករណីប៉ុណ្ណោះ ក្នុងនោះមនុស្ស ០៧នាក់ស្លាប់ និង ៦៦៦នាក់ជាសះស្បើយ។
គួរបញ្ជាក់ថា ក្រៅពីការទិញវ៉ាក់សាំង COVID-19 ពីអង់គ្លេស កោះតៃវ៉ាន់ក៏បានសម្រេចចិត្តទិញពី កម្មវិធីអភិវឌ្ឍវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO) ចំនួន ៤.៧៦លានដូសផងដែរ។ ដោយឡែកសម្រាប់វ៉ាក់សាំងចំនួនជាង ៥លានដូសទៀត គឺកោះតៃវ៉ាន់កំពុងធ្វើការចរចានៅឡើយ ជាមួយក្រុមហ៊ុនបរទេសមួយចំនួន៕