(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃពុធនេះ បានក្លាយជាប្រទេសដំបូងគេបំផុត ក្នុងពិភពលោក ដែលអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង COVID-19 អភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ខណៈខ្លួនកំពុងតស៊ូប្រយុទ្ធនឹងវីរុស COVID-19 ទម្រង់ថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ នៃក្រសួងសុខាភិបាលអង់គ្លេស បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «រដ្ឋាភិបាលនៅថ្ងៃនេះ បានទទួលយកអនុសាសន៍ពីនិយ័តកមរឱសថ និងផលិតផលថែទាំសុខភាព (MHRA) ដោយអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford»

គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់រដ្ឋាភិបាលទីក្រុងឡុងដ៍ ធ្វើឡើងខណៈចក្រភពអង់គ្លេស កំពុងប្រយុទ្ធតស៊ូជាមួយវីរុស COVID-19 ទម្រង់ថ្មី ត្រូវបានគេរាយការណ៍ថា មានសមត្ថភាពចម្លងជំងឺ ៧០ភាគរយ លើសវីរុសបច្ចុប្បន្ន។ អង់គ្លេសក៏ជាប្រទេសទី ១ លើលោកដែលបានអនុម័តឲ្យប្រើ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNtech ផងដែរ។

សម្រាប់ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុនផលិតវ៉ាក់សាំងដទៃ បាននិយាយថា ពួកគេកំពុងធ្វើការសិក្សាស្រាវជ្រាវពី ផលប៉ះពាល់ដែលបង្កឡើងវីរុស COVID-19 ទម្រង់ថ្មី ប៉ុន្តែពួកគេសុទ្ធតែរំពឹងដូចគ្នាថា វ៉ាក់សាំងរបស់ខ្លួននឹងមានប្រសិទ្ធភាព ប្រឆាំងនឹងទម្រង់ថ្មីនេះ ដូចនឹងវីរុស COVID-19 ធម្មតាដែរ៕