(យូអិន)៖ ប្រធានសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លោក វូលកាន បូសកៀ (Volkan Bozkir) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការខកខាន របស់ស្ថាប័នពិភពលោកមួយនេះ ក្នុងការអនុម័តកញ្ចប់ថវិកា និងផែនការសម្រាប់ឆ្នាំ២០២១ខាងមុខនេះ។ នេះបើ យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
លោក Volkan Bozkir បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា៖ «ខ្ញុំសូមបង្ហាញការព្រួយបារម្ភ និងការខកចិត្តយ៉ាងខ្លាំងដែលកញ្ចប់ថវិកា និងផែនការ របស់អង្គការសហប្រជាជាតិ (UN) សម្រាប់ឆ្នាំ២០២១ខាងមុខនេះ នៅតែមិនទាន់ត្រូវបានអនុម័ត។ យើងកំពុងប្រឈមមុខនឹងស្ថានភាព ដែលមិនធ្លាប់មានពីមុនមក ដែលក្នុងនោះ យើងនៅតែបន្តការពិភាក្សាគ្នានៅឡើយ ដែលជាធម្មតា វាត្រូវបានបញ្ចប់នៅមុនថ្ងៃបុណ្យណូអែល»។
ក្នុងឆ្នាំ២០២០នេះ ការមូលមតិគ្នា គឺមានភាពបន្ទាន់ជាងឆ្នាំណាៗទាំងអស់។ សេចក្តីថ្លែងការណ៍ដដែល បានកត់សម្គាល់ថា ពិភពលោកមិនទាន់បានដោះស្រាយ ពេញលេញនូវផលប៉ះពាល់សុខភាពនៃជំងឺឆ្លងរាតត្បាតសកល (COVID-19) និងផលប៉ះពាល់សេដ្ឋកិច្ចសង្គមដែលជាប់ទាក់ទងនៅឡើយទេ។ ដូច្នេះ ពិភពលោកកំពុង សម្លឹងមើលទៅអង្គការសហប្រជាជាតិ រួមទាំងមហាសន្និបាត ក្នុងភាពជាអ្នកដឹកនាំនូវរាល់សកម្មភាពដែលអាចបង្ហាញបាន ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ នៅក្នុងពិភពជាក់ស្តែង។ មហាសន្និបាត មានការទទួលខុសត្រូវក្នុងការបំពេញតាមការំពឹងទុករបស់ពិភពលោក និងគាំទ្រដល់ពហុភាគីនិយម និងការងើបឡើងវិញក្រោយ ជំងឺឆ្លងរាតត្បាតដ៏កាចសហាវនេះ ក្នុងបរិបទមួយដែលជួយពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ក្នុងកំឡុងទសវត្សរនៃសកម្មភាពនេះ។
សេចក្តីថ្លែងការណ៍ខាងលើ បានកត់សម្គាល់បន្ថែមថា ប្រសិនបើប្រទេសជាសមាជិក ខកខានមិនបានឈានដល់កិច្ចព្រមព្រៀង នោះផលវិបាកលើការងាររបស់ អង្គការសហប្រជាជាតិ នឹងក្លាយជារឿងគួរឲ្យព្រួយបារម្ភបំផុត។
បើយោងទៅតាមសេចក្តីថ្លែងការណ៍ដដែលនោះ បុគ្គលិកទាំងអស់ រួមទាំងបេសកកម្មនយោបាយពិសេស នឹងត្រូវបានស្នើសុំឲ្យឈប់ពីសកម្មភាពណាមួយ លើកលែងតែ អប្បបរមាដែលត្រូវការ ដើម្បីធានាសុវត្ថិភាពបុគ្គលិក និងទ្រព្យសម្បត្តិរបស់យើងតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត រាល់សកម្មភាពដែលបានកំណត់ រួមទាំងការគាំទ្រដល់ ដំណើរការនយោបាយដែលកំពុងដំណើរការ នឹងត្រូវបានរំខាន ដោយការបង្កើនហានិភ័យនៃអស្ថិរភាព។ រីឯបេសកកម្មដែលមានមានពេលវេលាតិចតួចនោះ នឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត៕