(បេរូត)៖ នាយករដ្ឋមន្ត្រីលីបង់ លោក ហាស្សាន ឌីយ៉ាប (Hassan Diab) បានចាត់ទុកថា ការចោទប្រកាន់ប្រឆាំងនឹងរូបលោក ពីបទធ្វេសប្រហែសពាក់ព័ន្ធនឹង ហេតុការណ៍ផ្ទុះដ៏សម្បើម នៅឯទីក្រុងបេរូត គឺប្រៀបបានទៅនឹង «ការធ្វើទារុណកម្មយ៉ាងសាហាវ ចំពោះលោក» ខណៈលោកបាន និងកំពុងខិតខំប្រឹងប្រែង បំពេញការងារជាអតិបរមា ដើម្បីស៊ើបអង្កេតស្វែងរកការពិត ដែលនៅពីក្រោយការផ្ទុះនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
លោក Hassan Diab ធ្វើការកត់សម្គាល់ខាងលើ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយលោក Diab ក៏ធ្លាប់បានទទូចផងដែរឱ្យ ការស៊ើបអង្កេតបច្ចុប្បន្នរបស់ចៅក្រម និងរដ្ឋអាជ្ញាត្រូវតែឆ្លងកាត់ និងបញ្ជូនទៅឱ្យសភាជាតិ ដើម្បីសួរចម្លើយរូបលោក តែលោកនាយករដ្ឋមន្ត្រីរូបនេះ បែរជាត្រូវបានគេចោទប្រកាន់ទៅវិញ។
ក្រុមរដ្ឋអាជ្ញាលីបង់ ដែលកំពុងដឹកនាំការស៊ើបអង្កេតហេតុការណ៍ផ្ទុះដ៏ប្រល័យ កាលពីរដូវក្ដៅកន្លងទៅនេះ នៅទីក្រុងកំពង់ផែបេរូត បានចោទប្រកាន់លោក Diab និងអតីតរដ្ឋមន្ត្រីលីបង់បីរូបផ្សេងទៀត កាលពីដើមខែធ្នូនេះ ពីបទធ្វេសប្រហែស ដែលបង្កឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត។ ការចោទប្រកាន់នេះ ក៏បានបង្កព្យុះភ្លៀងនយោបាយ នៅក្នុងប្រទេសលីបង់ផងដែរ ហើយលោក Diab និងរដ្ឋមន្ត្រីរបស់លោកជាច្រើនរូប បានបដិសេធក្នុងការបង្ហាញខ្លួន ចំពោះមុខចៅក្រម ដើម្បីទទួលការសួរចម្លើយ ក្នុងនាមជាចុងចោទ ហើយថែមទាំងបានចាត់ទុកថា ការចោទប្រកាន់ប្រឆាំងនឹងពួកគេ ជាចេតនាយោបាយទៀតផង។
គួរបញ្ជាក់ថា ការផ្ទុះដ៏សម្បើមបានបំផ្លាញស្ទើរតែទាំងស្រុង នូវកំពង់ផែក្នុងទីក្រុងបេរូ ប្រទេសលីបង់ កាលពីថ្ងៃទី០៤ ខែសីហា និងបានផ្ដាច់ជីវិតមនុស្សច្រើនជាង ២០០នាក់ ខណៈមនុស្ស ៦,៥០០នាក់ផ្សេងទៀតរងរបួស។ ការផ្ទុះនេះបានកើតឡើង ដោយសារតែការស្ដុកទុកមិនបានល្អ នូវសារធាតុអាម៉ូញ៉ូមនីត្រា (ammonium nitrate)។ ក្រោយការផ្ទុះនេះ លោក Hassan Diab បានលាលែងចេញពីតំណែង ប៉ុន្តែរហូតមកទល់នឹងពេលនេះ លោកនៅតែបន្តកាន់តំណែង ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នសិន រហូតដល់មានរដ្ឋាភិបាលថ្មី៕