(វ៉ាស៊ីនតោន)៖ សមាជិកសភាជាប់ឆ្នោតមួយរូប នៃគណបក្សសាធារណរដ្ឋ មកពីរដ្ឋល្វីសស្យាណា (Louisiana) គឺលោក លូក ឡេតឡូ (Luke Letlow) បានបាត់បង់ជីវិតហើយក្រោយឆ្លង COVID-19 ហើយលោកក៏បានក្លាយជា សមាជិកសភាអាមេរិកដំបូងគេបំផុត ដែលបានបាត់បង់ជីវិត ដោយសារជំងឺរាតត្បាតសកលនេះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
លោក Luke Letlow អាយុ ៤១ឆ្នាំបានជាប់ឆ្នោតជា សមាជិកសភាអាមេរិក ប្រចាំនៅរដ្ឋ Louisiana និងបានគ្រោងស្បថឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃអាទិត្យសប្តាហ៍នេះ ប៉ុន្តែជាអកុសលលោកបានបាត់បង់ជីវិតទៅហើយ។ លោក Luke Letlow បានប្រកាសថា ខ្លួនលោកឆ្លងជំងឺ COVID-19 កាលពីថ្ងៃទី១៨ ខែធ្នូ ហើយក៏ចាប់ផ្តើមស្ថិតនៅដាច់ដោយឡែក ក្នុងផ្ទះលោកផ្ទាល់ ប៉ុន្តែរយៈពេល ០៣ថ្ងៃក្រោយមក លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែអការៈធ្ងន់ធ្ងរ។
គួរបញ្ជាក់ថាលោក Luke Letlow បានលាចាកលោក ដោយបន្សល់ទុកភរិយា និងកូនចំនួនពីរនាក់។ ជុំវិញការស្លាប់ដំបូងនៃ សមាជិកសភាអាមេរិកដោយសារជំងឺ COVID-19 នេះ អភិបាលរដ្ឋ Louisiana លោក ចន ប៊ែល អ៊ែដវើដស៍ (John Bel Edwards) ក៏បានសម្តែងនូវការសោកស្តាយជាពន់ពេល និងចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារលោក Luke ផងដែរ៕