(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកចាំផ្ទះ លោក ដូណាល់ ត្រាំ បានឡើងទៅឈរនៅលេខរៀងកំពូលក្នុងនាមជា «បុរសដែលទទួលបានការកោតសរសើរបំផុត ប្រចាំឆ្នាំ២០២០នេះ» ដោយបិទបញ្ចប់រយៈពេលជាង ១២ឆ្នាំ នៃការគ្រងតំណែងនេះ របស់អតីតប្រធានាធិបតីលោក ប៉ារ៉ាក់ អូបាម៉ា។ នេះបើតាមការស្ទង់មតិថ្មីមួយ ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Politico នៅព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
ការស្ទង់មតិថ្មីខាងលើ ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Gallup មានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី បានឱ្យដឹងថា នេះគឺជាលើកដំបូងបំផុតដែលលោក ដូណាល់ ត្រាំ គ្រងតំណែងជាបុរស ដែលទទួលបានការកោតសរសើរបំផុត ខណៈប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ជាប់លេខរៀងទី ៣។ ចំណែកឯអតីតជំទាវទីមួយអាមេរិក លោកស្រី មីឈែល អូបាម៉ា (Michelle Obama) នៅតែបន្តកាន់កាប់តំណែងជាស្ត្រី ដែលទទួលបានការកោតសរសើរបំផុត សម្រាប់ឆ្នាំ២០២០នេះទៀត ហើយអនុប្រធានាធិបតីជាប់ឆ្នោត លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ជាប់លេខ២។
បើតាមការស្ទង់មតិរបស់ក្រុមហ៊ុន Gallup ធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែធ្នូនេះ ១៨ភាគរយនៃយុវជនអាមេរិក ដែលត្រូវបានសម្ភាសន៍ បានបោះឆ្នោតគាំទ្រ លោក ដូណាល់ ត្រាំ នៅពេលត្រូវបានសាកសួរថា តើបុរសណាក្នុងលោកដែលគួរឱ្យកោតសរសើរបំផុត ខណៈ ១៥ភាគរយទៀតគាំទ្រលោក បារ៉ាក់ អូបាម៉ា។ ដោយឡែក បើនិយាយពីគណបក្សវិញ ៤៨ភាគរយនៃអ្នកគាំទ្របក្សសាធារណរដ្ឋ បានគាំទ្រលោក ត្រាំ និង ៣២ភាគរយនៃអ្នកគាំទ្របក្សប្រជាធិបតេយ្យ ជ្រើសរើសលោក អូបាម៉ា។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងត្រូវចាកចេញពីសេតវិមាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ដែលជាថ្ងៃលោក ចូ បៃដិន ត្រូវស្បថចូលកាន់ តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។ លោក ដូណាល់ ត្រាំ មកទល់នឹងពេលនេះ នៅមិនទាន់បានទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ ហើយលោកក៏មិនបានបង្ហើបថា លោកនឹងចូលរួមក្នុង ពិធីស្បថកាន់តំណែងរបស់លោក ចូ បៃដិន ឬក៏យ៉ាងណានោះដែរ៕