(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩៤,៨៦០នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៣៩៨នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៩,៩៧៧,៧០៤ករណី ក្នុងនោះមាន អ្នកស្លាប់សរុបចំនួន ៣៤៦,៥៧៩នាក់ និងជាសះស្បើយឡើងសរុបចំនួន ១១,៨៤៤,៤៧២នាក់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសពីការរកឃើញនូវករណីឆ្លងវីរុស COVID-19 ទម្រង់ថ្មីលើកដំបូងបំផុត លើបុរសម្នាក់រស់នៅក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) ហើយអាជ្ញាធរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ ជាមួយបុរសរូបនេះ។ លោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល ១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវ ឲ្យពាក់ម៉ាសទូទាំងប្រទេសជាដើម៕