(ប៊ុយណូសអ៊ែរែស)៖ ប្រទេសអាហ្សង់ទីននៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) បានចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ជូនប្រជាជនរបស់ខ្លួនហើយ ដែលបុគ្គលិកសុខាភិបាលជួរមុខ ត្រូវបានផ្តល់អាទិភាព ក្នុងការទទួលបានការចាក់វ៉ាក់សាំងនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋមន្ត្រីសុខាភិបាលអាហ្សង់ទីនលោក ចាញស៍ ហ្គន់ហ្សាលែស ហ្គាសៀ (Gines Gonzalez Garcia) បានគូសបញ្ជាក់ប្រាប់សារព័ត៌មានមួយ អំពីការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំង COVID-19 នៅមន្ទីរពេទ្យ ផូសាដាស (Posadas) នៅឯជាយក្រុងភាគខាងលិចនៃទីក្រុង ប៊ុយណូសអ៊ែរែស (Buenos Aires) យ៉ាងដូច្នេះថា «ថ្ងៃនេះគឺជាថ្ងៃដ៏ស្រស់ស្អាត សម្រាប់ប្រជាជនអាហ្សង់ទីនរបស់យើង។ វាពិតជាវីរភាពដ៏អស្ចារ្យមួយ ដើម្បីអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំង COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំបំផុតនេះ នៅប្រទេសអាហ្សង់ទីនប្រកបដោយសមធម៌ និងសមភាព»។
ទោះជាយ៉ាងណា លោក Gines Gonzalez Garcia នៅតែជំរុញឲ្យប្រជាជនទាំងអស់ បន្តការការពារ និងការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះវីរុសដ៏កាចសាហាវនេះ «រហូតដល់យើងអាចសម្រេចបាននូវភាពស៊ាំជាសហគមន៍» ដើម្បីប្រឆាំងនឹងវីរុសនេះបាន។
វេជ្ជបណ្ឌិត ០២រូប គឺលោក ហ្វ្រានស៊ីស្កូ ត្រាវើសូ (Francisco Traverso) និងលោក ហ្វ្លាវៀ ឡូអ៊ីយ៉ាកូណូ (Flavia Loiacono) គឺជាបុគ្គលដំបូងគេបង្អស់ ដែលត្រូវបានទទួលការចាក់វ៉ាក់សាំងប្រឆាំង COVID-19 របស់ប្រទេសរុស្ស៊ី ដែលមានឈ្មោះសម្គាល់ថា Sputnik V ក្នុងចំណោមវ៉ាក់សាំងនេះចំនួន ៣០០,០០០ដូស ដែលបានមកដល់ប្រទេសអាមេរិកឡាទីន មួយនេះកាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ប្រទេសអាហ្សង់ទីន គឺជាប្រទេសទី ៤ នៅអាមេរិកឡាទីនដែលចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំង COVID-19 នេះ បន្ទាប់ពីប្រទេសម៉ិកស៊ីកូ (Mexico), ឈីលី (Chile), និងកូស្តារីកា (Costa Rica) ដែលកំពុងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech។
បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអាហ្សង់ទីន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,៦០២,១៦៣ករណី ក្នុងនោះមានអ្នកស្លាប់ ៤៣,០១៨នាក់ និងជាសះស្បើយ ១,៤២០,៨៨៥នាក់៕