(គូវ៉ែត)៖ អគ្គនាយករងអាកាសចរណ៍ស៊ីវិល នៃប្រទេសគូវ៉ែត (DGCA) បានជូនដំណឹងនៅថ្ងៃអង្គារនេះថា ប្រទេសគូវ៉ែតនឹងចាប់ផ្តើមជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិគូវ៉ែតឡើងវិញ នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។

យោងតាម លោក Saad Al-Otaibi អ្នកនាំពាក្យ DGCA បានឲ្យដឹងថា ការបើកដំណើរការជើងហោះហើរឡើងវិញ នឹងចាប់ផ្តើមនៅថ្ងៃសៅរ ទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤ រសៀល(ម៉ោង ក្នុងស្រុក)។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា សេចក្តីសម្រេចនេះ អាចនឹងមានការផ្លាស់ប្តូរ អាស្រ័យទៅតាមស្ថានការណ៍ជាក់ស្តែង។

គួរបញ្ជាក់ថា រដ្ឋាភិបាលគូវ៉ែតបានសម្រេចផ្អាករាល់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិទៅ និងមកប្រទេសគូវ៉ែត ព្រមទាំងបិទច្រកព្រំដែនដីគោក និងសមុទ្រកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ ដោយសារស្ថានភាពជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩។

រហូតមកទល់ពេលនេះ ប្រទេសឈូងសមុទ្រពែក្ស ដែលមានប្រជាជនមិនដល់ ៤លាននាក់មួយនេះ បានកត់ត្រាអ្នកឆ្លងកូវីដ-១៩ សរុប ១៤៩,៨៥៧ករណី ក្នុងនោះស្លាប់ ៩៣២នាក់ និងជាសះស្បើយ ១៤៥,៨០៨នាក៕