(ដាកា)៖ នាវាកងទ័ពជើងទឹកបង់ក្លាដែស ចំនួន ៤គ្រឿង នៅថ្ងៃអង្គារនេះបានចេញមកដឹកជនជាតិរ៉ូហ៊ីងយ៉ាក្រុមទី២ និងធំបំផុត ពីជំរុំជនភៀសខ្លួនរបស់ពួកគេ ឆ្ពោះទៅកាន់អនាគតមិនប្រាកដប្រជាមួយនៅលើកោះតូចមួយ ដែលស្ថិតក្នុងរយៈពេលធ្វើដំណើរ ៣ម៉ោងពីដីគោក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arabic News នៅយប់ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋាភិបាលបង់ក្លាដែល បានលើកឡើងថា ជនភៀសខ្លួនចំនួន ១,៨០០នាក់ ដែលបានរស់នៅក្នុងជំរំ ចាប់តាំងពីពួកគេបានភៀសខ្លួន ពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា ចង់ចាប់ផ្តើមជីវិតថ្មីនៅលើកោះ Bhashan Char ជាកន្លែងដែលជនភៀសខ្លួន ចំនួន ១,៦០០នាក់ផ្សេងទៀត បានទៅដល់ទីនោះកាលពីដើមខែនេះ។ ទោះជាយ៉ាងណា ក្រុមសកម្មជនសិទ្ធិមនុស្ស បានសម្តែងការសង្ស័យអំពីការផ្ទេរនេះ ដោយពួកគេបាននិយាយថា ជាការធ្វើឡើងដោយបង្ខំ។
រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស លោក Abdul Momen បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ពួកគេពិតជាចង់ទៅរស់នៅលើកោះ Bhashan Char ខ្លាំងណាស់ ពីព្រោះពួកគេបានលឺពីសាច់ញាតិរបស់ពួកគេ ដែលបានទៅទីនោះមុនថា វាជាកន្លែងល្អបំផុត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែធ្នូកន្លងទៅ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម ក្រុមទី១ ដែលមានគ្នាប្រមាណជា ១,៦០០នាក់ ត្រូវបានផ្ទេរពីជំរុំនៅតាមព្រំដែន ទៅកាន់កោះ Bhashan Char ដើម្បីសាងជីវិតថ្មីនៅទីនោះ៕