(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាល នៃប្រទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រុស្ស៊ីបានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ២៧,០០២នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនសរុបនៅទូទាំងប្រទេស កើនដល់ ៣,១០៥,០៣៧ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។

គួរបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៥៦២នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៥៥,៨២៧នាក់។ ចំណែកឯ អ្នកជាសះស្បើយវិញ មានចំនួនសរុប ២,៤៩៦,១៨៣នាក់។

ដោយសារតែការព្រួយបារម្ភអំពីការឆ្លងរីករាលដាល នៃជំងឺ COVID-19 ទម្រង់ថ្មី ដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស អាជ្ញាធររុស្ស៊ីបានសម្រេចកាលពីថ្ងៃចន្ទកន្លងទៅ ថាផ្អាករាល់ការហោះហើរជាមួយអង់គ្លេស រហូតដល់ថ្ងៃទី១២ ខែមករាឆ្នាំ ២០២១៕