(ហុងកុង)៖ សកម្មជនហុងកុង លោក Tony Chung នៅថ្ងៃអង្គារនេះ ត្រូវបានតុលាហុងកុង សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ខែ ពីបទប្រមាថដល់ទង់ជាត់ចិន និងការប្រមូលផ្តុំខុសច្បាប់កាលពីខែកក្កដាកន្លងទៅ ខណៈដែលទីក្រុងប៉េកាំង កំពុងតែផ្តោតកាន់តែខ្លាំងឡើងលើ សកម្មជនលេចធ្លោរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។
លោក Tony Chung វ័យ ១៩ឆ្នាំ ដែលបានដឹកនាំក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង ត្រូវបានកាត់ទោសកាលពីដើមខែនេះ ពីបទប្រមាថជាតិចិន ក្នុងកំឡុងពេលធ្វើបាតុកម្មមួួយ ក្រៅសភានិតិកម្មហុងកុង កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅ។
មិនតែប៉ុណ្ណោះ នៅក្នុងកំឡុងពេលនៃការទទួលទោសនេះទៀតសោត លោក Chung ក៏នឹងកំពុងរង់ចាំការជំនុំជម្រះក្តី ពីបទ«ញុះញង់ឲ្យធ្វើអបគមន៍»ដែលអាចឈានដល់ការជាប់ពន្ធនាគារអស់មួយជីវិត ក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលក្រុងប៉េកាំងបានអនុម័ត កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
គួរបញ្ជាក់ថា សកម្មជនវ័យក្មេង លោក Tony Chung គឺជាឥស្សរជននយោបាយដំបូងគេ ដែលត្រូវបានកាត់ទោសក្រោមច្បាប់សន្តិសុខថ្មី ហើយក៏ជាមនុស្សដំបូងគេ ដែលត្រូវបានកាត់ទោស ក្រោមការចោទប្រកាន់«ញុះញង់ឲ្យធ្វើអបគមន៍»ផងដែរ។
ច្បាប់សន្តិសុខថ្មីនេះ បានបង្កឲ្យមានការរិះគន់ និងការចោទប្រកាន់ពីសំណាក់បណ្តាប្រទេសលោកខាងលិខថា ជាការបញ្ចប់សេរីភាពដែលត្រូវបានធានារយៈពេល ៥០ឆ្នាំ បន្ទាប់ពីចក្រភពអង់គ្លេស បានបញ្ចប់ការគ្រប់គ្រងរបស់ខ្លួនលើដែនដីនេះ ក្នុងឆ្នាំ ១៩៩៧។ ចំណែកឯ ភាគីចិនវិញ បានចាត់ទុកច្បាប់ថ្មីនេះថាជា«ដាវ» ដើម្បីស្តារសណ្តាប់ធ្នាប់ និងស្ថេរភាពជូនមជ្ឈមណ្ឌលហិរញ្ញវត្ថុវិញ ក្រោយប្រឈមមុខនឹងការធ្វើបាតុកម្មជិតពេញមួយឆ្នាំកន្លងទៅនេះ៕