(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងន័យផ្ញើសារទៅកាន់ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន ថាចំណង មិត្តភាពរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ មិនអាចបំបែកបំបាក់ដោយប្រទេសទី៣ បានឡើយ ហើយប្រទេសទាំង២ អាចហែលឆ្លងវិបត្តិអន្តរជាតិបានគ្រប់កាលៈទេសៈ។ នេះបើតាម ការចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ លោក ស៊ី បាននិយាយថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ី «មានតម្លៃរឹងមាំជាឯករាជ្យ» ដោយបង្ហាញពីភាពស្អិតរមួតមួយកម្រិតថែមទៀត បើទោះបីជារដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ដែលជិតចូលកាន់ដំណែងផ្លូវការដាក់ ចេញគោលនយោបាយបែបណាក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយពីក្រសួងការទេសចិន ដោយដកស្រង់ពាក្យសម្តីរបស់លោក ស៊ី បានបញ្ជាក់ថា ទំនាក់ទំនងរវាងចិន-រុស្ស៊ី គឺនឹងមិនរងផលប៉ះពាល់ដោយសារ ការប្រែប្រួលស្ថានភាពអន្តរជាតិ ឬការជ្រៀតជ្រែកដោយកត្តាផ្សេងៗនោះទេ។ ការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី អាចទប់ទល់នឹងការប៉ុនប៉ងគាបសង្កត់ និងចេតនាបំបែកបំបាក់ ប្រកបដោយប្រសិទ្ធភាព។
ប្រទេសចិន ប្រកាន់ខ្ជាប់ឆន្ទៈដើម្បីអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសរុស្ស៊ី នៅក្នុងយុគសម័យថ្មី។ ការកត់សម្គាល់របស់លោក ស៊ី ត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសចិន កំពុងជំរុញឱ្យពង្រឹងចំណងមិត្តភាពជាមួយប្រទេសផ្សេងៗទៀត នៅមុនពេលថ្ងៃស្បថចូលកាន់ដំណែងជាផ្លូវការរបស់លោក ចូ បៃដិន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។
ទន្ទឹមគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបផ្សេងទៀត បានជជែក និងថែមទាំងបានធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាតំបន់អឺរ៉ុប នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្ម និងប្តេជ្ញាធ្វើសកម្មភាពបន្ថែមទៀត ដើម្បីប្រឆាំងទាំងរដ្ឋាភិបាល ទីក្រុងប៉េកាំងនិងទីក្រុងម៉ូស្គូ។
ជាក់ស្តែង កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក បៃដិន បានអំពាវនាវឱ្យបង្កើនសម្ព័ន្ធភាពកាន់តែរឹងមាំ ជាមួយបណ្តាប្រទេសគាំទ្រគោលនយោបាយអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីប្រឈម មុខជាមួយចិន ជុំវិញបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ប្រធានាធិបតីចិន បានគូសបញ្ជាក់ថា វិបត្ដិណាមួយក៏ដោយនឹងជំរុញឱ្យទំនាក់ទំនងចិន-រុស្ស៊ី កាន់តែមានភាពលេចធ្លោជាងមុន ដោយបានបន្ថែមទៀតថា ប្រទេសទាំងពីរ បានធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកល COVID-19។ ភាគីទាំងពីរបានបន្តជួយគ្នាទៅវិញទៅមកដើម្បីជំនះរាល់ការលំបាក ហើយបន្តគាំទ្រគ្នាលើបញ្ហា ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល ដែលឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃការជឿទុកចិត្តគ្នានិងចំណងមិត្តភាពរវាងភាគីទាំងពីរ។
ដោយឡែក ការិយាល័យប្រធានាធិបតីរុស្ស៊ីក៏បានប្រកាសឲ្យដឹងដែរថា មេដឹកនាំទាំងពីរបានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគី ដោយបញ្ជាក់ថាពួកគេបានឈានដល់ កម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយពិតជាមានអត្ថប្រយោជន៍សម្រាប់ភាគីទាំងសងខាង។ ប្រធានាធិបតីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីពីឆន្ទៈរួមគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិរួមនៅលើឆាកអន្តរជាតិផងដែរ៕