(ម៉ានីល)៖ ហ្វីលីពីន នឹងហាមឃាត់អ្នកធ្វើដំណើរមកពីដែនដី និងប្រទេសចំនួន១៩ ចូលមកក្នុងប្រទេសរបស់ខ្លួន រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១ខាងមុខនេះ ជាផ្នែកមួយនែវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា COVID-19 ទម្រង់ថ្មី។ នេះបើតាមក្រសួងដឹកជញ្ជូនហ្វីលីពីន ដកស្រង់ការចេញដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងដឹកជញ្ជូនហ្វីលីពីន បានគូសបញ្ជាក់ថា បទបញ្ជានេះ នឹងចូលជាធរមានចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ដោយបានហាមឃាត់ពលរដ្ឋហ្វីលីពីន និងជនបរទេសដែលមកពីប្រទេសបារាំង អូស្រ្តាលី កាណាដា អាល្លឺម៉ង់ អាហ្វ្រិកខាងត្បូង សិង្ហបុរី និងជប៉ុន មិនឲ្យចូលប្រទេសរបស់ខ្លួន។
ហ្វីលីពីន កាលពីពេលថ្មីៗនេះ ក៏បានចេញបទបញ្ជាហាមឃាត់ជើងហោះហើរ មកពីចក្រភពអង់គ្លេសផងដែរ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១ខាងមុខនេះ ដោយសារវីរុស COVID-19 ទម្រង់ថ្មី ត្រូវបានលេចចេញជាលើកដំបូងនៅចក្រភពអង់គ្លេស។ វីរុស COVID-19 ទម្រង់ថ្មី ដែលអ្នកវិទ្យាសាស្រ្តអង់គ្លេស ឲ្យលេខសម្គាល់ VUI - 202012/01 បានបង្កការភ័យខ្លាចជាថ្មី ខណៈវីរុសចាស់បានសម្លាប់មនុស្សជាង ១.៧លាននាក់ នៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា បើយោងតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីន បានកត់ត្រានូវករណីឆ្លងវីរុសកូរ៉ូណា (COVID-19) សរុបនៅទូទាំងប្រទេស ៤៧១,៥២៦ករណី ក្នុងនោះមានអ្នកស្លាប់ ៩,១៦២នាក់ និងជាសះស្បើយ ៤៣៩,០១៦នាក់។ វីរុស COVID-19 ទម្រង់ថ្មី មិនត្រូវបានរកឃើញនៅក្នុងប្រទេសហ្វីលីពីនទេ៕