(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១៥៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦,៤៤០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃ នៅក្នុងចំណោមករណីឆ្លងថ្មីខាងលើទាំង១៥៥នាក់ ក្នុងនោះរួមមាន១៣៤នាក់ ជាករណីឆ្លងក្នុងសហគមន៍, ១១នាក់ជាពលករចំណាកស្រុក និង១០នាក់ ជាករណីនាំចូល។ បន្ថែមពីលើនេះ ក្នុងចំណោមករណីឆ្លងទាំងអស់ទៀតសោត ក៏មានអ្នកឆ្លង១២នាក់ ត្រូវបានគេរាយការណ៍ថាមានជាប់ពាក់ព័ន្ធនឹងផ្សារលក់គ្រឿង សមុទ្រក្នុងខេត្ត Samut Sakhon ផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ថៃមានអ្នកឆ្លង COVID-19 សរុប ៦,៤៤០នាក់ ក្នុងនោះអ្នកស្លាប់កើនដល់៦១នាក់ ក្រោយអ្នកស្លាប់ថ្មីម្នាក់ត្រូវបានប្រកាសនៅថ្ងៃអង្គារនេះ និងជាសះស្បើយ ឡើងវិញ ៤,១៨៤នាក់៕