(បរទេស)៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា (COVID-19) ដោយព្រមានថា វីរុស COVID-19 ទម្រង់ថ្មី កំពុងតែឆ្លងរីករាលដាលកាន់តែខ្លាំង នៅក្នុងប្រទេសជាច្រើននៅលើពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅរសៀលថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។
កាសែតផ្លូវការរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង បានគូសបញ្ជាក់ថា «ជាមួយនិងវីរុស COVID-19 ដ៏កាចសាហាវ ដែលកំពុងតែឆ្លងរីករាលដាលកាន់តែខ្លាំង ស្ថានភាពសុខភាពសាធារណៈ ក៏កាន់តែអាក្រក់ទៅៗ បញ្ហាដ៏ធំមួយទៀតនោះ គឺវីរុស COVID-19 ទម្រង់ថ្មី បានលេចចេញ និងកំពុងឆ្លងរាលដាល នៅក្នុងប្រទេសជាច្រើននៅលើពិភពលោក ជាហេតុធ្វើឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំងលើបញ្ហានេះ»។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា មនុស្ស ០៣នាក់ដែលទើបនឹងធ្វើដំណើរពីចក្រភពអង់គ្លេស មកដល់ប្រទេសរបស់ខ្លួន ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញវីរុស COVID-19 ទម្រង់ថ្មីនេះ ដែលជាវីរុសមួយត្រូវបាន ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស អះអាងក្នុងតំណាក់កាលដំបូងថា អាចសមត្ថភាពចម្លងបានរហូតដល់ទៅ ៧០ភាគរយលើសវីរុស COVID-19 ទម្រង់ដើម។
គិតមកទល់ពេលនេះ ប្រទេសកូរ៉េខាងជើងនៅតែប្រកាសថា គ្មានការឆ្លងវីរុស COVID-19 នៅលើទឹកដីរបស់ខ្លួនទេ ប៉ុន្តែប្រទេសនេះបានរក្សាការត្រួតពិនិត្យ នៅតាមព្រំដែនយ៉ាងតឹងរ៉ឹងបំផុត និងបានបន្តវិធានការចត្តាឡីស័ក ចាប់តាំងពីដើមឆ្នាំ២០២០នេះមកម្ល៉េះ។
នាពេលថ្មីៗនេះទៀត ប្រទេសកូរ៉េខាងជើងក៏បានដាក់រដ្ឋធានីព្យុងយ៉ាង (Pyongyang) ឲ្យស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុស COVID-19 នេះផងដែរ ដោយបានធ្វើការការផ្អាកប្រតិបត្តិការ នៃទីកន្លែងសាធារណៈមួយចំនួន និងរឹតត្បិតចលនារបស់ប្រជាជន នៅក្នុងរដ្ឋធានីមួយនេះដើម៕