(អាហ្សង់ទីន)៖ ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez នៅថ្ងៃចន្ទសប្តាហ៍នេះ បានអំពាវនាវឲ្យប្រជាជនទាំងអស់ គិតពិចារណាឡើងវិញ ខណៈលោកសង្កត់ធ្ងន់ពី ការធ្វេសប្រហែសខ្លាំងពេក នាពេលកន្លងមក ចំពោះCOVID-19 នៅមុនពិធីបុណ្យឆ្លងឆ្នាំសកល ចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។

លោក Fernandez បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Telam យ៉ាងដូច្នេះថា៖ «យើងត្រូវដឹងថា វីរុសដ៏កាចសាហាវមួយនេះ កំពុងតែរស់នៅក្នុងចំណោមពួកយើងគ្រប់គ្នា។ ចាប់តាំងពីពិធីបុណ្យណូអែលកន្លងមក ខ្ញុំបានមើលឃើញការធ្វេសប្រហែសខ្លាំងណាស់ នៅតាមទីសាធារណៈនិងកន្លែងផ្សេងៗទៀត។ ខ្ញុំសូមអំពាវនាវឲ្យអ្នកទាំងអស់គ្នា គិតឡើងវិញ ខណៈយើង និងពិភពលោកទាំងមូល នៅមិនទាន់គ្រប់គ្រងបញ្ហាជំងឺរាតត្បាត COVID-19 នៅឡើយទេ»។ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រជាជនទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីជៀសវាង និងជួយទប់ស្កាត់ការឆ្លងរីករាលដាលតទៅទៀត។

គួរបញ្ជាក់ថា គិតចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃទី៣ ខែមីនា ប្រទេសអាហ្សង់ទីន បានកត់ត្រាករណីឆ្លងសរុបចំនួន ១,៥៨៣,០០០ករណី ក្នុងនោះមនុស្ស ៤២,៦៥០នាក់ បានស្លាប់។ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការរឹតត្បឹត ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាតដែលមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១៕