Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយការព្យាករណ៍ថា ចិននឹងក្លាយជាប្រទេសសេដ្ឋកិច្ចលេខ «១» នៅឆ្នាំ២០២៨ លោក ចូ បៃដិន ត្រៀមរួមកម្លាំងគ្នាទប់ទល់ចិន ​​​​(Video inside)

29-12-2020 11:01

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកត្រូវការជាចាំបាច់នូវ «កម្លាំងចម្រុះដ៏ខ្លាំងក្លាមួយ» ដើម្បីប្រឈមមុខជាមួយចិន ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ទាប់ពីក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចមានមូលដ្ឋាននៅ ចក្រភពអង់គ្លេសបានព្យាករណ៍ថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក នៅត្រឹមឆ្នាំ២០២៨។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។

នៅក្រោយកិច្ចប្រជុំជាមួយក្រុមមន្ត្រី គោលនយោបាយការបរទេសរបស់លោក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខណៈយើងកំពុងប្រកួតប្រជែងជាមួយចិន និងឱ្យចិនទទួលខុសត្រូវ ចំពោះការរំលោភបំពានលើការធ្វើពាណិជ្ជកម្ម, បច្ចេកវិទ្យា សិទ្ធិមនុស្ស និងបញ្ហាដទៃជាច្រើនទៀត សហរដ្ឋអាមេរិកត្រូវការជាចាំបាច់ នូវកម្លាំងចម្រុះដ៏ខ្លាំងក្លាមួយ ពីសំណាក់ប្រទេសជាដៃគូ និងសម្ព័ន្ធមិត្ត ដើម្បីប្រឈមមុខនឹងចិន ក្នុងបុព្វហេតុការពារផលប្រយោជន៍រួម និងតម្លៃរួមរបស់យើង»

លោក បៃដិន ដែលគ្រោងនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានបន្ថែមថា បញ្ហារបស់ពិភពលោក ក្នុងនោះរួមមានទាំង ការប្រែប្រួលអាកាសធាតុ និង COVID-19 មិនអាចធ្វើការដោះស្រាយ ដោយសហរដ្ឋអាមេរិកតែម្នាក់ឯងបាននោះទេ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឬហៅកាត់ថា CEBR (Centre for Economics and Business Research) កាលពីសប្ដាហ៍មុនបានព្យាករណ៍ថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ច ធំបំផុតរបស់ពិភពលោក នៅត្រឹមឆ្នាំ២០២៨ ពោលគឺ ០៥ឆ្នាំលឿនជាងការប៉ាន់ស្មានលើកមុន ដោយសារតែការស្ទុះងើបឡើងវិញមានភាពផ្ទុយគ្នា រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ក្រោយវិបត្តិ COVID-19៕