(តូក្យូ)៖ ក្រុមហ៊ុនជប៉ុនដ៏ធំមួយ និងសាកលវិទ្យាល័យក្យូតុ (Kyoto) បានរួមដៃគ្នាក្នុងការអភិវឌ្ឍផ្កាយរណប ដែលផ្គុំឡើងពីឈើតែម្តង ហើយវាក៏នឹងក្លាយជាលើកដំបូងផងដែរ សម្រាប់ពិភពលោកទាំងមូល ក្នុងការបង្កើតផ្កាយរណបចេញពីឈើនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។
ក្រុមហ៊ុនជប៉ុន ស៊ូមិតូម៉ូ (Sumitomo Forestry) ដែលសហការជាមួយសាកលវិទ្យាល័យខាងលើនេះ បានប្រកាសឲ្យដឹងថា ខ្លួនបានចាប់ផ្តើមការសិក្សាស្រាវជ្រាវ ជាបណ្តើរៗរួចទៅហើយ អំពីប្រភេទឈើ និងវិធីសាស្ត្រប្រើប្រាស់ឈើ ដើម្បីផលិតជាវត្ថុប្រើប្រាស់នៅក្នុងទីអវកាស (ផ្កាយរណប)។ បើតាមក្រុមហ៊ុន Sumitomo និងសាកលវិទ្យាល័យ Kyoto ក្រុមការងាររបស់ស្ថាប័នទាំងពីរនេះ នឹងចាប់ផ្តើមធ្វើការពិសោធន៍ ទៅលើប្រភេទឈើជាច្រើននៅលើផែនដី ជាពិសេសប្រភេទឈើនានា ដែលអាចធន់នឹងបរិស្ថានលំបាកៗបំផុត។
ជុំវិញគម្រោងខាងលើនេះ លោក តាកាអុ ដូអ៊ិ (Takao Doi) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Kyoto បានលើកឡើងថា លោកពិតជាមានការព្រួយបារម្ភណាស់ ចំពោះផ្កាយរណបនានាកន្លងទៅនេះ ដែលបានធ្លាក់បុកបរិយាកាសផែនដី នាំឲ្យឆាបឆេះ និងបង្កើតចេញទៅជាសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ដល់មនុស្សលោក។
គួរបញ្ជាក់ថា សំរាមនៅទីអវកាស ដែលបន្យល់ទុកពីការការបាញ់បង្ហោះ គ្រាប់រ៉ុក្កែត និងផ្កាយរណបលែងដំណើរការ ឬខូចទាំងឡាយ បានបង្កជាក្តីបារម្ភ ព្រមទាំងការរិះគន់កាន់តែខ្លាំងឡើងៗ ពីសំណាក់ក្រុមអ្នកគាំពារបរិស្ថានភពផែនដី ហើយពួកគេក៏បានទាមទារ ឲ្យបណ្តាក្រុមហ៊ុន ឬរដ្ឋាភិបាលប្រទេសដែលគ្រប់គ្រងលើឧស្សាហកម្មអវកាស ស្វែងរកវិធីដោះស្រាយបញ្ហានេះឲ្យបាន។
ខុសប្លែកពីបណ្តាប្រទេសអឺរ៉ុប ដែលកំពុងតែសិក្សាដើម្បីបង្កើតឧបករណ៍ បោសសម្អាតសំរាមនៅទីអវកាស ជប៉ុនដែលត្រូវបានសាធារណជនស្គាល់ថា ជាប្រទេសតែងតែដាក់ការគិតគូរខ្ពស់ ទៅលើកិច្ចគាំពារបរិស្ថាននោះ បាននឹកឃើញការផលិតផ្កាយរណប ដោយប្រើប្រាស់ឈើខាងលើនេះ ព្រោះខ្លួនសង្ឃឹមថា វានឹងអាចកាត់បន្ថយផលប៉ះពាល់បាន ចំពោះបរិស្ថានភពផែនដី នៅពេលផ្កាយរណបខូច ហើយធ្លាក់ចុះមកលើផែនដីវិញនៅថ្ងៃអនាគត៕