(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា មនុស្សជំនិតមួយចំនួនរបស់លោក ដូណាល់ ត្រាំ បានបង្កឧបសគ្គរាំងស្ទះដល់ការផ្ទេរអំណាច ដែលនេះគឺជាទង្វើគ្មានភាពទទួលខុសត្រូវទាល់តែសោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។
លោក ចូ បៃដិន ធ្វើការកត់សម្គាល់ដូចខាងលើនេះ បន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចប្រជុំមួយ ជាមួយក្រុមមន្ត្រីចាត់ចែង គោលនយោបាយការបរទេសរបស់លោក។ លោក បៃដិន បានលើកឡើងយ៉ាងដូច្នេះថា «យើងបានពើបប្រទះឧបសគ្គរារាំង ដែលបង្កឡើងដោយ ថ្នាក់ដឹកនាំនយោបាយមួយចំនួន នៃក្រសួងការពារជាតិ និងការិយាល័យគ្រប់គ្រងកញ្ចប់ថវិកា។ បច្ចុប្បន្ន យើងមិនបានទទួលព័ត៌មានគ្រប់គ្រាន់ តាមដែលយើងត្រូវការនោះទេ ពីសំណាក់រដ្ឋបាលជិតផុតអាណត្តិ ជាពិសេសពាក់ព័ន្ធនឹងការងារសន្តិសុខជាតិ ហើយសម្រាប់ខ្ញុំផ្ទាល់ នេះគឺជាទង្វើគ្មានភាពទទួលខុសត្រូវ»។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ លោក ដូណាល់ ត្រាំ មិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតនៅឡើយទេ បើទោះជាអង្គបោះឆ្នោតភាគច្រើនលើសលប់ បានបោះឆ្នោតគាំទ្រលោក ចូ បៃដិន ឱ្យធ្វើជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិករួចទៅហើយក៏ដោយ។ តែទោះយ៉ាងណាក៏ដោយ លោក បៃដិន ត្រូវបានគេរំពឹងថា នឹងស្បថឡើងកាន់តំណែងប្រធានាធិបតី ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕