(ម៉ាឌ្រីត)៖ ក្រសួងសុខាភិបាលអេស្បាញ នៅថ្ងៃចន្ទនេះបាននិយាយថា ក្រុមហ៊ុនផលិតឱសថ Pfizer បានសម្រេចពន្យាពេលដឹកជញ្ជូនវ៉ាក់សាំង COVID-19 របស់ខ្លួនទៅឲ្យប្រទេសចំនួន៨ នៅអ៊ឺរ៉ុប ក្នុងនោះក៏មានអេស្បាញមួយផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងសុខាភិបាលអេស្បាញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាខាក្រុមហ៊ុន Pfizer ប្រចាំប្រទេសអេស្ប៉ាញ បានជូនដំណឹងដល់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត នៅល្ងាចថ្ងៃអាទិត្យនេះ ពីការពន្យាពេលដឹកជញ្ជូនវ៉ាក់សាំង ទៅកាន់ប្រទេសអឺរ៉ុបចំនួន៨ ដោយសារតែមានបញ្ហានៅក្នុងដំណើរការផ្ទុក និងដឹកជញ្ជូន ពីរោងចក្ររបស់ខ្លួននៅប្រទេសបែលហ្ស៊ិក»។
ទោះយ៉ាងណា នៅក្នុងសេចក្តីថ្លែងការដដែលនេះ មិនបានបញ្ជាក់ថា តើប្រទេសអឺរ៉ុបមួយណា ក្រៅពីប្រទេសអេស្ប៉ាញ ដែលបានរងផលប៉ះពាល់ ពីការអាក់ខាននេះទេ។
គួរបញ្ជាក់ថា បើតាមគម្រោង អេស្បាញនឹងទទួលវ៉ាក់សាំងពីក្រុមហ៊ុន Pfizer-BioNTech ចំនួន ៣៥០,០០០ដូសក្នុងមួយសប្តាហ៍ សម្រាប់រយៈពេល៣ ខែបន្ទាប់។ បណ្តាប្រទេសអ៊ឺរ៉ុបភាគច្រើន បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជានជនរបស់ខ្លួនហើយ កាលពីចុងសប្តាហ៍កន្លងទៅ ដោយចាប់ផ្តើមជាមួយមនុស្សចាស់ បុគ្គលិកថែទាំសុខភាព និងអ្នកនយោបាយ៕