(ញូដេលី)៖ ប្រទេសឥណ្ឌាដែលបាននិងកំពុងត្រៀម រៀបចំយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំបំផុតមិនធ្លាប់ពីមុនមក សម្រាប់ប្រជាជនទាំងអស់ចំនួន ១.៣ពាន់លាននាក់ នៅមិនទាន់ប្រកាសពីការបរិច្ឆេទ ឲ្យបានច្បាស់លាស់នៅឡើយទេ សម្រាប់ការចាប់ផ្តើមចាក់វ៉ាក់សាំងជាក់ស្តែង ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះ បានរាយការណ៍អំពីអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២២,២៧២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ជាង ១០,១៦៩,០០០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមការហាត់សម ដើម្បីចាត់ចែងវ៉ាក់សាំងនៅក្នុងរដ្ឋធំៗចំនួន ០៤រួមមាន រដ្ឋអាន់ដ្រាប្រាដេស (Andhra Pradesh), រដ្ឋអាស្សាម (Assam), រដ្ឋហ្គូចារ៉ាត (Gujarat) និងរដ្ឋផាន់ចាប់ (Punjab)។ ការហាត់សមនេះរួមបញ្ចូលទាំង ការធ្វើតេស្តកន្លែងស្តុកទុកវ៉ាក់សាំង, មធ្យោបាយដឹកជញ្ជូនវ៉ាក់សាំង និងជាពិសេសការគ្រប់គ្រងផលប៉ះពាល់នានា បន្ទាប់ពីការចាក់វ៉ាក់សាំងផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ការហាត់សមនេះនឹងអនុញ្ញាតឲ្យមាន ការគ្រប់គ្រងលើការប្រមូលផ្តុំ, ការធ្វើតេស្តនៃដំណើរការចាក់វ៉ាក់សាំង, ការត្រួតពិនិត្យការប្រើប្រាស់កម្មវិធីកូវីន (CoWIN) នៅក្នុងតាមមូលដ្ឋានជាក់ស្តែង, ការរក្សាទំនាក់ទំនងរវាងផែនការដែលបានគ្រោងទុក និងការអនុវត្តន៍តាមយន្តការរាយការណ៍ ព្រមទាំងកំណត់បញ្ហាប្រឈម និងណែនាំ មុននឹងការដាក់ចេញនូវយុទ្ធនាការជាក់ស្តែង។
CoWIN គឺជាវេទិកាអ៊ីនធើណិត ដែលបង្កើតឡើងដោយរដ្ឋាភិបាលឥណ្ឌា សម្រាប់ត្រួតពិនិត្យលើការចាក់វ៉ាក់សាំង។ ដំណើរការទាំងមូល ក៏នឹងរួមបញ្ចូលការគ្រប់គ្រងគម្លាតសុវត្ថិភាព នៅពេលដែលមានមនុស្សច្រើនទៀតផង។ រដ្ឋទាំង ០៤ ក៏ត្រូវបានស្នើសុំឲ្យកត់ត្រា និងរាយការណ៍ការសង្កេតរបស់ពួកគេ ទៅឲ្យរដ្ឋាភិបាលកណ្តាលផងដែរ។
គួរបញ្ជាក់តាមទិន្នន័យចុងក្រោយ ពីក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ករណីសកម្មជំងឺ COVID-19 នៅទូទាំងប្រទេសនៅសល់ ២៧៧,៣០១ករណី ខណៈមនុស្សចំនួន ៩,៧៨០,០០០នាក់ បានជាសះស្បើយឡើងវិញ។ នៅក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ ចំនួនអ្នកជាសះស្បើយប្រចាំថ្ងៃ គឺច្រើនជាងករណីឆ្លងថ្មីៗ ដែលបានរាយការណ៍ប្រចាំថ្ងៃ៕