(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ក្នុងការប្រើប្រាស់បញ្ហាហុងកុង ដើម្បីជ្រៀតជ្រែកចូលទៅក្នុង កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ នេះជាការឆ្លើយតបរបស់ចិន ទៅនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យដោះលែងសកម្មជនហុងកុង ដែលបានព្យាយាមរត់គេចខ្លួនចេញពីទីក្រុងនេះ ហើយពួកគេទាំងនោះកំពុងរង់ចាំ ការជំនុំជម្រះចំពោះមុខតុលាការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។
ស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទូចដល់អាជ្ញាធរចិនឱ្យដោះលែងជនល្មើស ១២នាក់ ដែលព្យាយាមរត់គេចខ្លួនចេញពីទីក្រុងហុងកុង ទៅកាន់កោះតៃវ៉ាន់ជាបន្ទាន់។ សកម្មជនទាមទារលទ្ធិប្រជាធិបតេយ្យនៅហុងកុងចំនួន ១២នាក់ ត្រូវបានចាប់ខ្លួនកាលពីខែសីហាកន្លងទៅនេះ បន្ទាប់ពីអាជ្ញាធរចិនបានចាប់ឃុំខ្លួនពួកគេ ពីបទលួចឆ្លងដែនខុសច្បាប់តាមទូក។ ពួកគេកំពុងរង់ចាំការបើកសវនាការ នៅឯតុលាការទីក្រុងហ្សិនជិន (Shenzhen) ប្រទេសចិន។ បើតាមច្បាប់ អ្នករត់គេចខ្លួនបែបនេះអាចប្រឈមមុខនឹង ការជាប់ពន្ធនាគាររហូតដល់ ០៧ឆ្នាំឯណោះ។
គួរបញ្ជាក់ថា អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន នាពេលថ្មីៗនេះ បានអំពាវនាវឱ្យទីក្រុងប៉េកាំង ដោះលែងសកម្មជនទាំងនោះជាបន្ទាន់ និងបានថ្លែងរិះគន់ដល់ប្រទេសចិនធ្ងន់ៗផងដែរ៕