(អង់ការ៉ា)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគីលោក ហ្វាហ៍រ៉េតទីន ខូកា (Fahrettin Koca) បានប្រកាសនៅថ្ងៃអាទិត្យ (ពេលវេលានៅអង់ការ៉ា) ថា ការដឹកជញ្ជូនវ៉ាក់សាំង COVID-19 ដំបូងពីក្រុមហ៊ុនចិន Sinovac ត្រូវបានពន្យារពេល ១-២ ថ្ងៃ ដោយសារករណីឆ្លងជំងឺ COVID-19 មួយចំនួនត្រូវបានរាយការណ៍ នៅទីក្រុងប៉េកាំង របស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។

ប្រទេសតួកគីបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង CoronaVac ចំនួន ៥០លានដូសពីក្រុមហ៊ុនចិន Sinovac ហើយរំពឹងថានឹងទទួលបានវ៉ាក់សាំងចំនួន ០៣លានដូសដំបូងនៅថ្ងៃចន្ទនេះ។ ទន្ទឹងគ្នានេះ តួកគីក៏នឹងទទួលបានវ៉ាក់សាំងចំនួន ៤.៥លានដូសពីក្រុមហ៊ុនអាល្លឺម៉ង់-អាមេរិក BioNTech និង Pifzer ជាមួយជម្រើសដើម្បីទទួលបាន ៣០លានដូសបន្ថែមទៀតនៅពេលក្រោយផងដែរ។

លោក Koca បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា ក្រោយរដ្ឋាភិបាលចិនបានប្រកាសជូនដំណឹង ពាក់ព័ន្ធនឹងករណីឆ្លងថ្មីនៅទីក្រុងប៉េកាំង និងនៅឯនាយកដ្ឋានគយ រាល់ការចល័តទំនិញត្រូវបានផ្អាកជាបណ្តោះអាសន្ន។ មូលហេតុនេះហើយ ទើបការដឹកជញ្ជូនវ៉ាក់សាំងត្រូវបានគេរំពឹងថា នឹងមកដល់ក្នុងរយៈពេលយ៉ាងយូរ ០២ថ្ងៃទៀត បន្ទាប់ពីការត្រួតពិនិត្យសុវត្ថិភាពជាទូទៅត្រូវបញ្ចប់៕