(ការ៉ាកាស់)៖ រដ្ឋមន្ត្រីសុខាភិបាលវេណេស៊ុយអេឡា លោក ខាឡីស អាល់វ៉ារ៉ាដូ (Carlos Alvarado) បាននិយាយថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានរារាំងមិនឱ្យប្រទេសរបស់លោក ទិញវ៉ាក់សាំង COVID-19 ពីកម្មវិធីអភិវឌ្ឍវ៉ាក់សាំងកូវ៉ាក់ (COVAX) ដែលដឹកនាំដោយ អង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) លោក Alvarado បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វេណេស៊ុយអេឡាមានបំណងចំណាយប្រាក់ ១៨លានដុល្លារ ចូលរួមក្នុងមូលនិធិនៃកម្មវិធី COVAX ប៉ុន្តែដោយសារទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក វេណេស៊ុយអេឡាមិនអាចប្រមូលធនធានឱ្យបានគ្រប់គ្រាន់ ដើម្បីទិញវ៉ាក់សាំងពីគម្រោងនេះឡើយ»។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ទណ្ឌកម្មសេដ្ឋកិច្ចនេះក៏នឹងធ្វើឱ្យវេណេស៊ុយអេឡា បរាជ័យក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន យ៉ាងហោចរយៈពេល ២ឆ្នាំកន្លះផងដែរ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers វេណេស៊ុយអេឡាបច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុប ១១២,៣១៦នាក់ ក្នុងនោះស្លាប់ ១,០១៤នាក់ និងជាសះស្បើយឡើងវិញ ១០៦,៤៥៣នាក់។ កន្លងមកប្រទេសអាមេរិកឡាទីនមួយនេះ ក៏បានទទួលយកវ៉ាក់សាំងផលិតដោយប្រទេសរុស្ស៊ី មកធ្វើតេស្តសាកល្បងដំណាក់កាលចុងក្រោយផង ប៉ុន្តែលទ្ធផលនៃការធ្វើតេស្តនោះ មិនទាន់មានការបញ្ចេញជាផ្លូវការឡើយ៕