(ឡុងដ៍)៖ វិធានការហាមមិនឱ្យចេញពីផ្ទះ ឬ Lockdowns នៅក្នុងចក្រភពអង់គ្លេស អាចនឹងត្រូវបានបន្ធូរបន្ថយ ឬលុបចោលនៅចុងខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីប្រជាជនងាយរងគ្រោះ ១៥លាននាក់ទទួលបានការចាក់វ៉ាក់សាំង ខណៈវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca អាចនឹងត្រូវបានអនុម័តឱ្យប្រើប្រាស់ ក្នុងករណីបន្ទាន់នាពេលឆាប់ៗនេះ។ នេះបើតាមដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានអង់គ្លេស The Mail on Sunday នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។
ផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអង់គ្លេស សារព័ត៌មានខាងលើនេះបានឱ្យដឹងទៀតថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford អាចនឹងត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ហើយដាក់ឱ្យប្រើប្រាស់នៅទូទាំងចក្រភពអង់គ្លេស នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ សារព័ត៌មានអង់គ្លេសបន្ថែមថា COVID-19 របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford អាចនឹងត្រូវបានចាក់ជូនប្រជាជនអង់គ្លេស ១៥លាននាក់ ហើយក្រោយការចាក់វ៉ាក់សាំងនេះ វិធានការហាមមិនឱ្យចេញពីផ្ទះ ឬ Lockdowns នៅក្នុងចក្រភពអង់គ្លេស អាចនឹងត្រូវបានបន្ធូរបន្ថយ ឬលុបចោលនៅចុងខែកុម្ភៈ ឆ្នាំ២០២១។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេ ក្នុងតំបន់អឺរ៉ុបខាងលិច ដែលបានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ដោយប្រើប្រាស់វ៉ាក់សាំង ដែលបញ្ជាទិញពីក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech កាលពីថ្ងៃទី០៨ ខែធ្នូកន្លងទៅ។ ប្រជាជនអង់គ្លេសច្រើនជាង ៦០០,០០០នាក់ហើយ ទទួលបានការចាក់វ៉ាក់សាំង គិតមកត្រឹមថ្ងៃទី២០ ខែធ្នូកន្លងទៅនេះ ស្របពេលអង់គ្លេសកំពុងបង្កើនការសិក្សាស្រាវជ្រាវពី COVID-19 ទម្រង់ថ្មី ដែលមានសមត្ថភាពចម្លងជំងឺ ៧០ភាគរយលើស COVID-19 បច្ចុប្បន្ន៕