(វ៉ាស៊ីនតោន)៖ នៅទីបំផុតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមចុះហត្ថលេខា ដើម្បីឲ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិការ ២.៣ទ្រីលានដុល្លារសម្រាប់ដោះស្រាយវិបត្តិ COVID-19 និងកញ្ចប់ថវិកាលើការចំណាយរបស់រដ្ឋាភិបាល ដើម្បីបញ្ចៀសការបិទដំណើរការរដ្ឋាភិបាល និងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនអាមេរិក ដែលកំពុងគ្មានការងារធ្វើ។ នេះបើតាមសេតវិមានដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។
បើតាមសេតវិមានលោក ដូណាល់ ត្រាំ ដែលនឹងត្រូវដើរចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ បានចុះហត្ថលេខាលើច្បាប់កញ្ចប់ថវិការខាងលើ នៅឯរម្មណីយដ្ឋាន ម៉ាអាឡាហ្គោ (Mar-a-Lago) ក្នុងរដ្ឋផ្ល័ររីដានៅថ្ងៃអាទិត្យ ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងរដ្ឋាភិបាលអាមេរិក ត្រូវបិទដំណើរការផ្នែកខ្លះរបស់ខ្លួន។
លោក ដូណាល់ ត្រាំ បានពន្យារពេលចុះហត្ថលេខាជាបន្តបន្ទាប់ លើច្បាប់ស្ដីពីកញ្ចប់ថវិកាដោះស្រាយវិបត្តិ COVID-19 ដោយសារតែលោកយល់ថា កញ្ចប់ថវិកានេះមានទំហំតិចតួចពេក។ ភ្លាមៗមិនទាន់មានការបញ្ជាក់ថា តើហេតុអ្វីបានជាលោក ដូណាល់ ត្រាំ កែប្រែចិត្តចុះហត្ថលេខាលើច្បាប់នេះវិញនោះទេ ខណៈរូបលោកផ្ទាល់កំពុងសម្រាកលំហែរកាយ នៅឯក្លឹបវាយកូនហ្គោលនៃរម្មណីយដ្ឋាន Mar-a-Lago របស់លោក និងមិនបានបង្ហាញមុខជាសាធារណៈឡើយ ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនសភាទាំងពីររបស់សហរដ្ឋអាមេរិក បានអនុម័តលើច្បាប់កញ្ចប់ថវិកា ២.៣ទ្រីលានដុល្លារ ក្នុងនោះមានជិត ៩០០ពាន់លានដុល្លារសម្រាប់ដោះស្រាយវិបត្តិ COVID-19 និងកញ្ចប់ថវិកាលើការចំណាយរបស់រដ្ឋាភិបាល ១.៤ទ្រីលានដុល្លារ។ ទោះជាយ៉ាងណា លោក ត្រាំ យល់ថា កញ្ចប់ថវិការដោះស្រាយវិបត្តិ COVID-19 ចំនួន ៩០០ពាន់លានដុល្លារ ដែលប្រជាជនអាមេរិកគ្មានការងារធ្វើទទួលបាន ៦០០ដុល្លារក្នុងម្នាក់ នោះគឺតិចតួចពេក ដោយលោកស្នើឱ្យផ្ដល់ឱ្យពួកគេ ២,០០០ដុល្លារក្នុងម្នាក់ៗ៕