(ប្រេស៊ីល)៖ អនុប្រធានាធិបតីប្រេស៊ីល លោក ហាមីលតុន មូរ៉ាវ (Hamilton Mourão) ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ខណៈអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវ នេះ៣៤៤នាក់ ត្រូវបានគេរាយការណ៍ ក្នុងប្រទេសស្ថិតនៅតំបន់អាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។
លោក មូរ៉ាវ គឺជាមន្ត្រីកំពូលចុងក្រោយគេបំផុត របស់លោកប្រធានាធិបតីប្រេស៊ីល លោក ហ៊ែរ បុលសូណារ៉ូ (Jair Bolsonaro) ដែលបានឆ្លង COVID-19។ លោក បុលសូណារ៉ូ ដែលតែងតែចាត់ទុកថា COVID-19 ជាជំងឺផ្ដាសាយធម្មតា ក៏ធ្លាប់បានឆ្លងជំងឺនេះដែរ កាលពីខែកក្កដាកន្លងទៅ និងក្រោយមានត្រូវបានគេព្យាបាលជាសះស្បើយ ឡើងវិញ។
បើតាមការិយាល័យរបស់លោក មូរ៉ាវ អនុប្រធានាធិបតីប្រេស៊ីលរូបនេះ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ដោយ លោក មូរ៉ាវ មានសុខភាពល្អធម្មតា ហើយនឹងត្រូវស្ថិតនៅដាច់ដោយឡែកពីគេ។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលប្រេស៊ីល ប្រេស៊ីល គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ មានអ្នកឆ្លង COVID-19 ៧.៥លាននាក់ ក្នុងនោះស្លាប់ ១៩១,១៣៩នាក់ និងជាសះស្បើយឡើងវិញ ៦.៥លាននាក់៕