(បាងកក)៖ នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅ ១២១នាក់ទៀតឯណោះ ដោយក្នុងនោះ ១៨នាក់ត្រូវបានគេដឹងថា មានជាប់ពាក់ព័ន្ធទៅនឹងករណីផ្ទុះការឆ្លងយ៉ាងគំហុក នៅក្នុងខេត្តសាមុតសាខន ភាគនិរតីនៃប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ក្រសួងសុខាភិបាលថៃ បានប្រកាសឲ្យដឹងទៀតថា នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៩០នាក់ គឺជាករណីឆ្លងក្នុងសហគមន៍ និង១៨នាក់ គឺជាពលករចំណាកស្រុក ដែលមានជាប់ពាក់ព័ន្ធទៅនឹងករណីផ្ទុះការឆ្លងយ៉ាងគំហុក នៅក្នុងខេត្តសាមុតសាខន។ ករណីឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសថៃ បានផ្ទុះឡើងកាលពីសប្តាហ៍មុននេះ ទៅលើក្រុមពលករចំណាកស្រុក មកពីប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅក្នុងខេត្តសាមុតសាខន និងកំពុងបង្កឲ្យមានការរើសអើង យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមថៃផងដែរ។
គួរបញ្ជាក់ តាមគេហទំព័រ worldometers ឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៦,១២៣ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ ៤,១៦១នាក់៕