(តេហេរ៉ង់)៖ អាជ្ញាធរអ៉ីរ៉ង់ បានឱ្យដឹងថា អ្នកឡើងភ្នំយ៉ាងហោច១០នាក់ បានស្លាប់ នៅក្នុងហេតុការណ៍រលំបាក់ផ្ទាំងទឹកកក និងព្យុះព្រិល នៅឯតំបន់ភ្នំមួយកន្លែង ស្ថិតនៅភាគខាងជើងទីក្រុង តេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។
ភ្នំ អាល់ប៊ស (Alborz) គឺជាភ្នំដ៏មានប្រជាប្រិយភាពមួយសម្រាប់អ្នកចូលចិត្តជិះស្គី និងឡើងភ្នំ នៅក្នុងប្រទេសអ៉ីរ៉ង់។ បើតាមក្រុមអ្នកជួយសង្រ្គោះអ៉ីរ៉ង់ មនុស្ស៩នាក់ បានស្លាប់ ក្នុងហេតុការណ៍រលំបាក់ផ្ទាំងទឹកកក និងព្យុះព្រិល នៅលើភ្នំនេះតែម្ដង កាលពីថ្ងៃសៅរ៍ម្សិលមិញ និងម្នាក់ទៀតបានស្លាប់ ក្រោយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រតិបត្តិការជួយសង្រ្គោះត្រូវបានផ្អាកដោយសារអាកាសធាតុអាក្រក់។ តែប្រតិបត្តិការនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមឡើងវិញនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីតាមស្វែងរក មនុស្សបាត់ខ្លួន ៧នាក់។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៉ីរ៉ង់ នៅក្នុងចំណោមអ្នកស្លាប់ទាំង១០នាក់ខាងលើ ក្នុងនោះរួមមាន សកម្មជននយោបាយម្នាក់, សាស្ត្រាចារ្យម្នាក់, វេជ្ជបណ្ឌិតម្នាក់ និងអ្នកនាំ ផ្លូវឡើងលើភ្នំម្នាក់ផងដែរ៕