(ប៉ារីស)៖ ប្រទេសហុងគ្រី និងស្លូវ៉ាគី បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ខ្លួនហើយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងពី COVID-19 ទម្រង់ថ្មី ដែលបាន និងកំពុងផ្ទុះឡើងនៅតាមបណ្ដាប្រទេសអឺរ៉ុបជាច្រើន ក្រោយទម្រង់ថ្មីនេះត្រូវបានរកឃើញដំបូង ក្នុងចក្រភពអង់គេ្លស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។
ហុងគ្រី និងស្លូវ៉ាគី បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ដែលបញ្ជាទិញពីក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ជូនប្រជាជនរបស់ខ្លួន តែមួយថ្ងៃប៉ុណ្ណោះ មុននឹងបណ្ដាប្រទេសអ៉ឺរ៉ុបជាច្រើនទៀត នាំគ្នាចាក់វ៉ាក់សាំងជូនប្រជាជនរបស់ពួកគេ។ នៅអាល្លឺម៉ង់ មនុស្សមួយចំនួនតូចនៅតាមមណ្ឌលថែទាំមនុស្សចាស់ បានទទួលការ ចាក់វ៉ាក់សាំងមុនគេកាលពីថ្ងៃសៅរ៍ ពោលគឺមួយថ្ងៃ មុនការចាក់វ៉ាក់សាំងផ្លូវការចាប់ផ្ដើម។ ប្រទេសអឺរ៉ុប ដូចជាបារាំង អាល្លឺម៉ង់ អ៉ីតាលី អូទ្រីស ព័រទុយហ្កាល់ និងអេស្ប៉ាញ ត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅថ្ងៃអាទិត្យនេះ ដោយបុគ្គលិកសុខាភិបាល នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ទ្វីបអឺរ៉ុបទាំងមូល គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ មានអ្នកឆ្លង COVID-19 សរុប ២២,៥៥៩,៣៥២នាក់ ក្នុងនោះស្លាប់ ៥១៨,៦៦៣នាក់ និងជាសះស្បើយឡើងវិញ ១០,៩៨៤,៧៤៦នាក់៕