(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានព្រមានថាវីរុសកូរ៉ូណា (COVID-19) នឹងមិនមែនជាជំងឺឆ្លងរាតត្បាត ចុងក្រោយគេនោះទេ ដោយវីរុសថ្មីជាច្រើនទៀតអាចនឹងបន្តផ្ទុះឡើងនៅពេលអនាគតក៏ថាបាន បើសិនជាពិភពលោកធ្វេសប្រហែស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។
ការព្រមានខាងលើរបស់លោក Tedros ធ្វើឡើងនៅក្នុងសារជាវីដេអូមួយ ក្នុងថ្ងៃទិវាអន្តរជាតិត្រៀមខ្លួនប្រយុទ្ធប្រឆាំងជំងឺឆ្លងរាលដាល ដែលប្រារព្ធឡើង នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូនេះ។ ថ្លែងនាឱកាសនោះ ប្រមុខអង្គការ WHO រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងទាំងអស់គ្នា បានចំណាយប្រាក់ទៅលើជំងឺឆ្លងរាលដាល។ តែនៅពេលវារលាយបាត់ យើងបែរជាបំភ្លេចវាទៅវិញ ហើយមិនបានធ្វើអ្វីទាល់តែសោះដើម្បីបង្ការកុំឱ្យជំងឺផ្សេងទៀតផ្ទុះឡើងជាថ្មី នៅពេលអនាគត។ នេះគឺជាការគិតខ្លីប្រកប ដោយគ្រោះថ្នាក់ និងពិបាកយល់ជាទីបំផុត»។ លោក Tedros បន្ថែមទៀតថា COVID-19 នឹងមិនមែនជាជំងឺឆ្លងរាតត្បាត ចុងក្រោយគេនោះទេ ដោយវីរុសថ្មីជាច្រើនទៀត អាចនឹងបន្តផ្ទុះឡើងនៅពេលអនាគត បើសិនជាពិភពលោកធ្វេសប្រហែស។
គួរបញ្ជាក់ថា បើតាមលោក Tedros បណ្ដាប្រទេសទាំងអស់នៅលើពិភពលោក គួរតែបង្កើន ឬវិនិយោគលើការពង្រឹងសមត្ថភាពត្រៀមខ្លួន និងវិស័យសុខាភិបាលសាធារណៈ ដើម្បីបង្ការ, តាមរក និងដោះស្រាយ ក៏ដូចជាគ្រប់គ្រងជំងឺឆ្លងនានា៕