(បរទេស)៖ វីរុស COVID-19 ទម្រង់ថ្មី ដែលលេចឡើងដំបូងនៅក្នុងចក្រភពអង់គ្លេស នាពេលនេះក៏ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសអេស៉្បាញនិងស៊ុយអែតផងដែរ ក្រៅពីប្រទេសមួយចំនួនផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលស៊ុយអែតនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាអ្នកដំណើរម្នាក់ដែលមកពីចក្រភពអង់គ្លេស ត្រូវបានធ្វើតេស្តរកឃើញវីរុស COVID-19 ទម្រង់ថ្មី នៅពេលមកដល់ប្រទេសស៊ុយអែត។ ចំណែកអាជ្ញាធរសុខាភិបាលអេស៉្បាញឯណោះវិញ ក៏បានឲ្យដឹងដែរថា មានមនុស្សចំនួន៤នាក់ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានចំពោះ COVID-19 ទម្រង់ថ្មីនៅក្នុងប្រទេសអេស៉្បាញ ដោយពួកគេទើបតែមកពីចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា វីរុស COVID-19 ទម្រង់ថ្មី ដែលលេចឡើងដំបូងនៅក្នុងចក្រភពអង់គ្លេស ត្រូវបានអះអាងថាមានសមត្ថភាពឆ្លងរាលដាលឆាប់រហ័សជាងធម្មតា។ ប្រទេសមួយចំនួនទៀតដូចជាសិង្ហបុរី អ៉ីស្រាអែល អាល្លឺម៉ង់ អ៉ីតាលី ហូឡង់ ដាណឺម៉ាក បារាំង អ៉ីតាលី លីបង់ និងជប៉ុន ជាដើម ក៏បានរកឃើញវីរុស COVID-19 ទម្រង់ថ្មី ដែលមានប្រភពមកពីអង់គ្លេសនេះដែរ៕