Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍ឆ្នាំ២០២០បង្ហាញថា លោក គីម ជុងអ៊ុន បានបង្ហាញមុខ តិចជាងឆ្នាំមុនៗឆ្ងាយ ដោយសារតែកូវីដ-១៩ (Video inside)

26-12-2020 17:22

(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈសរុបចំនួន ៥៣លើកនៅក្នុងឆ្នាំ២០២០នេះ ដែលជាចំនួនតិចបំផុត គិតចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីឆ្នាំ២០១២។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yonhab នៅល្ងាចថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០។

បើតាមការអត្ថាធិប្បាយ ដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ សេចុង (Sejong) របស់កូរ៉េខាងត្បូងបានបង្ហាញថា តួលេខដែលតំណាងឲ្យចំនួនសរុប នៃការបង្ហាញខ្លួនជាសាធារណៈរបស់លោក គីម ជុងអ៊ុន ត្រូវបានកត់ត្រាចេញពី ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង រាប់ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ពោលគឺតិចជាង បើធៀបទៅនឹងឆ្នាំ២០១៩ ដែលមានចំនួនសរុបចំនួន ៨៥លើក ហើយកាលពីឆ្នាំ២០១៣ វិញគឺមានរហូតដល់ទៅ ២១២លើកឯណោះ។

ដោយឡែក ចំពោះសកម្មភាពនយោបាយក្នុងស្រុកវិញ គឺមានជិតពាក់កណ្តាល នៃការបង្ហាញខ្លួនជាសាធារណៈទាំងអស់។ លោក គីម បានចុះត្រួតពិនិត្យដោយផ្ទាល់ ទៅកាន់ទីតាំងចំនួន ០៨ កន្លែងនៅឆ្នាំ ២០២០នេះ ដែលភាគច្រើនទាក់ទងនឹងបញ្ហាសុខាភិបាល និងគ្រោះមហន្តរាយធម្មជាតិ។ វិទ្យាស្ថាន Sejong បានពន្យល់ថា ការធ្លាក់ចុះនៃការបង្ហាញខ្លួនជាសាធារណៈ គឺដោយសារតែបញ្ហាជំងឺរាតត្បាត COVID-19។

លោកស្រី ឆយ អ៊ុនជូ (Choi Eun-ju) អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Sejong បានកត់សម្គាល់ថា ដោយសារតែកត្តាសេដ្ឋកិច្ច និងបញ្ហាខាងក្រៅដូចជាវិបត្តិ COVID-19 បានបង្កស្ថានភាពដ៏លំបាកដល់កូរ៉េខាងជើង ក្នុងការរំពឹងទុកចំពោះលទ្ធផលល្អ។ ជាជាងការចុះត្រួតពិនិត្យដោយផ្ទាល់ ក្នុងអំឡុងពេលហានិភ័យនៃវីរុសកូរ៉ូណា លោក គីម ជុងអ៊ុន បានផ្តោតសំខាន់លើការរៀបចំកិច្ចប្រជុំឲ្យច្រើនវិញ ដើម្បីតាមដានព័ត៌មានលម្អិតអំពីបញ្ហានានា៕