(ប៉េកាំង)៖ បណ្តាថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន បានអបអរសាទរចំពោះភាពជោគជ័យដ៏អស្ចារ្យ របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាជនចិនទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុត លំដាប់លេខ១លើលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០។
ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិន បានគូសបញ្ជាក់ថា «មេដឹកនាំបក្សបានដើរតួនាទីយ៉ាងម៉ឺងម៉ាត់ ក្នុងការដឹកនាំប្រទេសចិន ដើម្បីយកឈ្នះលើហានិភ័យ និងបញ្ហាប្រឈមដ៏កម្រនៅឆ្នាំនេះ»។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ដកស្រង់ពីសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការប្រជុំបក្សរយៈពេល ០២ថ្ងៃថា «នៅក្នុងពេលវេលាដ៏សំខាន់នេះ... គណៈកម្មាធិការកណ្តាលបក្ស បានមើលឃើញជាយូរមកហើយ... ដើម្បីទទួលបាននូវភាពរុងរឿងអស្ចារ្យបំផុត នៅក្នុងឆ្នាំដ៏ចម្លែកនេះ»។
គួរបញ្ជាក់ថា ប្រទេសចិនបានព្យាយាមទប់ស្កាត់យ៉ាងខ្លាំងក្លា ចំពោះការឆ្លងរីករាលដាលនៃជំងឺ COVID-19 នេះ ហើយកជាប្រទេសតែមួយគត់ ដែលអាចមើលឃើញកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២០នេះផងដែរ៕