(ចូហាន់ណែសប៊ឺក)៖ រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូង បានច្រានចោលការអះអាង ដោយសមភាគីអង់គ្លេសរបស់លោកដែលថា ទម្រង់ថ្មីមួយផ្សេងទៀត (ទម្រង់ថ្មីទី២) នៃវីរុសកូរ៉ូណា (COVID-19) នៅក្នុងប្រទេសនេះ គឺមានសមត្ថភាពឆ្លងខ្លាំង ឬមានគ្រោះថ្នាក់ជាងទម្រង់ថ្មីទី ១ នៃវីរុស COVID-19 ដែលកំពុងឆ្លងរីករាលដាល នៅចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីសុខាភិបាលអាហ្វ្រិកខាងត្បូង លោក ស្វេលីនី ម៉ាឃីហ្សេ (Zwelini Mkhize) បានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះមិនមានភ័ស្តុតាងណាមួយ ដែលបង្ហាញថា វីរុស COVID-19 ទម្រង់ថ្មីទី២ (501.V2) មានសមត្ថភាពឆ្លងខ្លាំងជាងវីរុស COVID-19 ទម្រង់ថ្មីទី១ ដែលកំពុងឆ្លងរីករាលដាល នៅចក្រភពអង់គ្លេស ដូចដែលការអះអាងដោយ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសនោះទេ។ វារឹតតែមិនមានភ័ស្តុតាងណាមួយ ដែលបញ្ជាក់ថា វីរុស COVID-19 ទម្រង់ថ្មីទី ២ នេះអាចបណ្តាលឱ្យមានអាការៈជំងឺធ្ងន់ធ្ងរ ឬមានការកើនឡើងនូវអត្រាមរណៈជាងវីរុស COVID-19 ដែលកំពុងឆ្លងរីករាលដាលនៅចក្រភពអង់គ្លេស ឬនៅជុំវិញពិភពលោកនោះដែរ»។
គួរបញ្ជាក់ថា ប្រទេសអាហ្រ្វិកខាងត្បូង គឺជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារវីរុសកូរ៉ូណា (COVID-19) នៅលើទ្វីបនេះ ដោយបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសជិត ១លានករណីហើយ ក្នុងនោះមានមនុស្សជាង ២៦,០០០នាក់បានស្លាប់ និងមនុស្សជាង ៨៣០,០០០នាក់ទៀតបានជាសះស្បើយឡើងវិញ៕