(បាងកក) ៖ នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅ ១១០នាក់ទៀតឯណោះ ដោយក្នុងនោះ ៦៤នាក់នាក់ត្រូវបានគេដឹងថា មានជាប់ពាក់ព័ន្ធទៅនឹងករណីផ្ទុះការឆ្លងយ៉ាងគំហុក នៅក្នុងខេត្តសាមុតសាខន ភាគនិរតីនៃប្រទេសថៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ក្រសួងសុខាភិបាលថៃ បានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះទៀតថា នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ៣០នាក់គឺជាពលករចំណាកស្រុក និង ១៦នាក់ទៀតជាប្រភេទករណីនាំចូលពីក្រៅប្រទេស។ ករណីឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសថៃ បានផ្ទុះឡើងកាលពីសប្តាហ៍មុននេះ ទៅលើក្រុមពលករចំណាកស្រុក មកពីប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅក្នុងខេត្តសាមុតសាខន និងកំពុងបង្កឲ្យមានការរើសអើង យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមថៃផងដែរ។
គួរបញ្ជាក់តាមគេហទំព័រ worldometers ឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៦,០២០ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ ៤,១៥២នាក់។ គិតចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន ពលករបរទេសនៅក្នុងប្រទេសថៃ សរុបជាង ១,០០០នាក់ហើយត្រូវបានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» ចំពោះ COVID-19៕