(ឡុងដ៍)៖ ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេសបានព្យាករណ៍ថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក នៅត្រឹមឆ្នាំ២០២៨ ពោលគឺ ០៥ឆ្នាំលឿនជាងការប៉ាន់ស្មានលើកមុន ដោយសារតែការស្ទុះងើបឡើងវិញមានភាពផ្ទុយគ្នា រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ក្រោយវិបត្តិ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ដែលចេញផ្សាយនៅថ្ងៃសៅរ៍នេះ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឬហៅកាត់ថា CEBR (Centre for Economics and Business Research) បានបង្ហាញថា មួយរយៈកាលចុងក្រោយនេះ ប្រធានបទនៃសេដ្ឋកិច្ចសកល គឺផ្តោតសំខាន់លើការប្រកួតប្រជែងសេដ្ឋកិច្ច និងអំណាចទន់ រវាងសហរដ្ឋអាមេរិក និងចិន។ CEBR បានគូសបញ្ជាក់ថា ប្រទេសចិនគ្រប់គ្រងជំងឺរាតត្បាត COVID-19 បានយ៉ាងមានប្រសិទ្ធភាព តាមរយៈវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងបំផុត នៅក្នុងដំណាក់កាលដំបូង ហើយបើយើងសម្លឹងមើលទៅលើ ផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច រយៈពេលវែង នៅតាមបណ្តាប្រទេសលោកខាងលិចនោះមានន័យថា សន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន គឺមានភាពប្រសើរជាង។
ប្រទេសចិនបានកំណត់គោលដៅ សម្រេចឲ្យបានកំណើនសេដ្ឋកិច្ចជាមធ្យម ៥.៧ភាគរយក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ មុននឹងការថមថយមកត្រឹម ៤.៥ភាគរយវិញក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ចំណែកឯសេដ្ឋកិច្ចសហរដ្ឋអាមេរិក ទំនងជាមានការស្ទុះងើបឡើងវិញខ្លាំង នៅក្រោយវិបត្តិ COVID-19 ចាប់ពីឆ្នាំ២០២១ ប៉ុន្តែកំណើនសេដ្ឋកិច្ចនោះ នឹងធ្លាក់ចុះមកត្រឹម ១.៩ភាគរយ ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ និង ១.៦ភាគរយបន្ទាប់ពីឆ្នាំ២០២៤។
ដោយឡែកសម្រាប់ប្រទេសជប៉ុនវិញ នឹងនៅតែអាចបន្តឈរជាប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៣ របស់ពិភពលោកដដែល រហូតដល់ដើមទសវត្សរ៍ ២០៣០ ជាពេលដែលប្រទេសឥណ្ឌា នឹងទម្លាក់ប្រទេសអាល្លឺម៉ង់ ហើយក្លាយជាប្រទេសសេដ្ឋកិច្ចលេខ ៤ លើពិភពលោក ហើយអាល្លឺម៉ង់ត្រូវស្ថិតនៅលេខរៀងទី ៥ វិញ។
សម្រាប់ចក្រភពអង់គ្លេស បច្ចុប្បន្នគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៥ ប៉ុន្តែបើតាមការព្យាករណ៍របស់ CEBR អង់គ្លេសនឹងធ្លាក់ចុះមកចំណាត់ថ្នាក់លេខ ៦ វិញនៅឆ្នាំ២០២៤។
ទោះបីជាមានផលប៉ះពាល់សេដ្ឋកិច្ច នៅឆ្នាំ២០២១ ក្រោយការចាកចេញពី ទីផ្សារតែមួយរបស់សហភាពអឺរ៉ុបក៏ដោយ ក៏ផលិតផលក្នុងស្រុកសរុប (GDP) របស់អង់គ្លេសត្រូវបានព្យាករណ៍ថា នឹងកើនឡើង ២៣ភាគរយ ពោលគឺខ្ពស់ជាងប្រទេសបារាំងនៅត្រឹមឆ្នាំ២០៣៥ ដោយសារតែការនាំមុខ នៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ដែលកំពុងបន្តកើនឡើងយ៉ាងខ្លាំង។
ជាការពិតណាស់ ផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 មកលើសេដ្ឋកិច្ចពិភពលោក ទំនងជាបានបង្កឲ្យមានអតិផរណាខ្ពស់ប៉ុណ្ណោះ តែមិនមែនកំណើនយឺតនោះឡើយ។ របាយការណ៍ CEBR ដដែលបានកត់សម្គាល់ទៀតថា បញ្ហាសេដ្ឋកិច្ចសកល ជាមួយនិងការដំឡើងអត្រាការប្រាក់ នៅពាក់កណ្តាលឆ្នាំ២០២០ បានបង្កជាបញ្ហាប្រឈមចំពោះរដ្ឋាភិបាល ដែលបានខ្ចីប្រាក់យ៉ាងច្រើនសម្បើម ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច ដែលមិនធ្លាប់មានដោយសារជំងឺ COVID-19។ ទោះជាយ៉ាងណាក៏ដោយ និន្នាការមូលដ្ឋាននៃសេដ្ឋកិច្ចសកល បានឆ្ពោះទៅរកកំណើនក្នុងកម្រិតបៃតង និងការរុញច្រានដោយបច្ចេកវិទ្យានៅឆ្នាំ២០៣០ ខាងមុខ។
ដោយឡែក បើយើងងាកទៅមើលរបាយការណ៍ នៃវេទិកាសេដ្ឋកិច្ចពិភពលោក WEF (World Economic Forum) ដែលយោងលើទិន្នន័យពីធនាគារពិភពលោក (World Bank) និងអង្គការរូបិយវត្ថុអន្តរជាតិ (IMF) ចិនអាចនឹងលោតរំលងសហរដ្ឋអាមេរិក នៅឆ្នាំ២០២៤ខាងមុខនេះតែម្តង ក្លាយជាកំពូលមហាអំណាចសេដ្ឋកិច្ចលេខ ១ នៅលើពិភពលោក។
របាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកបានព្យាករណ៍ថា ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗបំផុតទាំង ៥ នៅឆ្នាំ២០២៤ នឹងមានប្រទេសមកពីតំបន់អាស៉ីដល់ទៅ ០៤ ឯណោះ នោះគឺចិន ឥណ្ឌា ជប៉ុន និងឥណ្ឌូណេស៉ី ដោយចិនឈរនៅលេខ ១, អាមេរិកលេខ ២, ឥណ្ឌាលេខ ៣, ជប៉ុនលេខ ៤ និងឥណ្ឌូណេស៉ីលេខ ៥ បើគិតទៅលើទំហំ GDP នៃប្រទេសនីមួយៗ។ សម្រាប់លេខរៀងទី ៦ ដល់ទី ១០ រួមមានរុស្ស៉ី អាល្លឺម៉ង់ ប្រេស៉ីល ចក្រភពអង់គ្លេស និងបារាំង។
គួរបញ្ជាក់ថា បើយើងក្រឡេកមើលទៅលើរបាយការណ៍របស់ វេទិកាសេដ្ឋកិច្ចពិភពលោក កាលពីឆ្នាំ២០០៨វិញ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេគឺសហរដ្ឋអាមេរិក បន្ទាប់មកគឺជប៉ុន ចិន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង អ៉ីតាលី ប្រេស៉ីល រុស្ស៉ី និងអេស៉្បាញ ហើយបើបន្តទៅមើលកាលពីឆ្នាំ១៩៩២ គឺចិនស្ថិតនៅលេខរៀងទី ១០ ឯណោះ៕