(វ៉ាស៊ីនតោន)៖ ចំនួនករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក ហាក់ថយចុះវិញបន្តិចនៅរយៈពេលមួយថ្ងៃ មុនបុណ្យណូអែល (ពេលវេលានៅអាមេរិក) ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩៨,៨៤០នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ១,១៩៧នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៩,២១០,១៦៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣៣៨,២៦៣នាក់ និងជាសះស្បើយឡើងសរុបចំនួន ១១,២៥៧,៧១១នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងឱកាសបុណ្យណូអែលនេះ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនបានជាង ១លាននាក់ហើយ ក្នុងនោះរួមមានបុគ្គលិកសុខាភិបាលជួរមុខ និងមនុស្សវ័យចំណាស់ ដែលងាយរងគ្រោះបំផុត ដោយសារតែការឆ្លងរាតត្បាត COVID-19។ ដោយឡែកលោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែង ជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល ១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវ ឲ្យពាក់ម៉ាសទូទាំងប្រទេសជាដើម៕