(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុនបានប្រកាស នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញករណីឆ្លងដំបូងៗនៃវីរុស COVID-19 ទម្រង់ថ្មី ដែលបានផ្ទុះឡើងមុនគេនៅចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ករណីឆ្លងវីរុស COVID-19 ទម្រង់ថ្មីខាងលើនេះ ត្រូវបានរកឃើញទៅលើមនុស្ស ០៥នាក់ ដែលបានធ្វើដំណើរមកដល់ប្រទេសជប៉ុន កាលពីចន្លោះថ្ងៃទី១៨-២១ ខែធ្នូ ឆ្នាំ២០២១ គឺនៅមុនពេលដែលប្រទេសដីកោះមួយនេះ ចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹង ការធ្វើដំណើរទៅមក ជាមួយចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រម្សិលមិញ។
បើតាមក្រសួងសុខាភិបាលជប៉ុន ករណីឆ្លងសរុប ០៥នាក់ខាងលើនេះ គឺម្នាក់ជាបុរសវ័យ ៦៥ឆ្នាំមានចេញអការៈអស់ខ្លាំង ខណៈមនុស្ស ០៤នាក់ទៀត គឺមិនមានចេញរោគសញ្ញាអ្វីឡើយ។ បច្ចុប្បន្នអ្នកជំងឺ COVID-19 ទាំង ០៥រូបកំពុងបន្តធ្វើចត្តាឡីស័ក និងទទួលការព្យាបាល។
គួរបញ្ជាក់ថា វីរុស COVID-19 ទម្រង់ថ្មីនេះ ត្រូវបានរកឃើញមុនគេនៅចក្រភពអង់គ្លេស ដោយដំណាក់កាលដំបូង វាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសអះអាងថា មានសមត្ថភាពចម្លងលើសវីរុសធម្មតា រហូតដល់ទៅ ៧០%។ ទោះជាបែបនេះក្តី ការសិក្សាលម្អិតអំពីវាកំពុងប្រព្រឹត្តទៅនៅឡើយ ហើយអង្គការសុខភាពពិភពលោក (WHO) ក៏ធ្លាប់បានបកស្រាយផងដែរថា វាជារឿងធម្មតានោះទេ ដែលវីរុសតែងតែវិវឌ្ឍខ្លួន៕