(ម៉ូស្គូ)៖ ប្រជាជនរុស្ស៊ីមួយចំនួន បានបង្ហាញការមិនពេញចិត្តរបស់ពួកគេ នៅតាមបណ្តាញសង្គមក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីវ៉ាក់សាំងប្រឆាំង COVID-19 សរុប ៣០០,០០០ដូស ត្រូវបានផ្គត់ផ្គង់ទៅកាន់ប្រទេសអាហ្សង់ទីន។ ប្រជាជនរុស្ស៊ីទាំងនោះបានរិះគន់ថា វ៉ាក់សាំង Sputnik V ទាំងនេះ គួរតែទុកសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជាមុនសិន ទើបជាការសមគួរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលរុស្ស៊ី កន្លងមកបានអនុញ្ញាតឲ្យមានការផ្គត់ផ្គង់ វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ដែលមានឈ្មោះថា Sputnik V ខាងលើនេះ នៅក្នុងរដ្ឋធានីម៉ូស្គូជាចម្បង ព្រោះវាជាតំបន់ដែលបាននិងកំពុងរងគ្រោះ ដោយសារការរាតត្បាតជំងឺ COVID-19 ធ្ងន់ធ្ងរជាងគេបំផុតនៅរុស្ស៊ី។ ទោះជាបែបនេះក្តី តំបន់ផ្សេងទៀតក៏ត្រូវបានផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ផងដរ ប៉ុន្តែស្ថិតនៅក្នុងកម្រិតតិចតួចបំផុត ក្នុងនោះតំបន់មួយចំនួន នៅរុស្ស៊ីគឺអាចទទួលបានតែ ២,០០០ដូស ឬតិចជាងនេះទៀតក៏មាន។
ជុំវិញបញ្ហាខាងលើនេះ ជនជាតិរុស្ស៊ីម្នាក់ឈ្មោះ ម៉ារៀ (Maria) បានបង្ហោះសារនៅលើគណនី Twitter របស់ខ្លួនយ៉ាងដូច្នេះថា «អស្ចារ្យមែន! វ៉ាក់សាំង ៣,០០០ដូសសម្រាប់តំបន់សាម៉ារ៉ា (Samara ជាទីក្រុងមួយនៅភាគនិរតីរុស្ស៊ី) ខណៈដែលប្រទេសអាហ្សង់ទីនវិញ ទទួលបានរហូតដល់ ៣០០,០០០ដូស...»។
ដោយឡែកជនជាតិរុស្ស៊ីម្នាក់ទៀតឈ្មោះ អាឡិចហ្សាដឺ (Alexander) រស់នៅក្នុងតំបន់ កាលីនីងហ្គ្រេដ ( Kaliningrad) ក៏បានបង្ហោះសារ នៅលើគណនី Twitter របស់ខ្លួនផងដែរថា «យើងគួរតែប្រញាប់ធ្វើដំណើរទៅអាហ្សង់ទីន ដើម្បីចាក់វ៉ាក់សាំងតែម្តងទៅ...»។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលរុស្ស៊ី មិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះបញ្ហាខាងលើនេះទេ។ ទោះជាបែបនេះក្តី បើគេសម្លឹងមើលជាសកល ការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 គឺនៅតែជាបញ្ហា សម្រាប់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនៅឡើយ ដោយសារតែការផលិតនៅមានកំណត់ និងការចែកចាយត្រូវធ្វើឡើង ទៅតាមដំណាក់កាល។ ដោយឡែកសម្រាប់ការចាក់វិញនោះ គឺប្រទេសនានាមានគោលការណ៍ មិនសូវខុសពីគ្នាឡើយ ដោយបុគ្គលិកសុខាភិបាលជួរមុខ, មនុស្សចាស់ជរា និងមនុស្សងាយរងគ្រោះ ត្រូវបានសម្រេចផ្តល់អាទិភាពទទួលបានវ៉ាក់សាំង៕