(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga នៅថ្ងៃសុក្រ ទី២៥ ខែធ្នូនេះ បានអំពាវនាវដល់ប្រជាជនរបស់ខ្លួន ឲ្យចំណាយពេលវេលានៃការចូលឆ្នាំថ្មីនៅឆ្នាំនេះ ដោយស្ងប់ស្ងាត់ និងមិនត្រូវមានការជួបជុំគ្នាច្រើនឡើយ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងស្ទុះឡើងជាលំដាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូ នៅថ្ងៃសុក្រនេះថា«ខ្ញុំ ចង់ឲ្យអ្នកទាំងអស់គ្នា ចំណាយពេលវេលាដ៏ស្ងប់ស្ងាត់មួយសម្រាប់ឆ្នាំថ្មីនេះ។ ព្រោះការឆ្លង មិនទាន់ថយចុះទេ ហើយប្រសិនបើយើងនៅតែបន្តដូចនេះ យើងនឹងមិនអាចជៀសផុតពីជំងឺរាតត្បាតសកលមួយនេះបានទេ»។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះដែរ ជប៉ុនបានរកឃើញករណីឆ្លងកូវីដ-១៩ ទម្រង់ថ្មី ជាលើកដំបូង ចំនួន ០៥ករណី នៅលើអ្នកដំណើរមកពីចក្រភពអង់គ្លេស។ ខណៈដែល នាយករដ្ឋមន្រ្តីជប៉ុន លោក Suga បានអំពាវនាវឲ្យចាត់វិធានការធ្វើចត្តាឡីស័កយ៉ាងតឹងរុឹង នៅឯព្រលានយន្តហោះ និងអ្នកដែលវិលត្រឡប់ពីចក្រភពអង់គ្លេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។ រហូតមកទល់ពេល ជប៉ុនមានករណីឆ្លងសរុប ២០៦,១៣៩ករណី ក្នុងនោះស្លាប់ ៣,០៥០នាក់ និងជាសះស្បើយ ១៧៤,៨៧៩នាក់៕