Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេជ្ជបណ្ឌិតអាមេរិកម្នាក់ បានស្លាប់ដោយជំងឺកូវីដ-១៩ ក្រោយត្អូញត្អែរថា ខ្លួនត្រូវបានគេបោះបង់ចោល ដោយសារមានស្បែកខ្មៅ

25-12-2020 19:58

(វ៉ាស៊ីនតោន)៖ វេជ្ជបណ្ឌិតស្បែកខ្មៅម្នាក់ នៅរដ្ឋ Indianapolis បានស្លាប់ដោយសារជំងឺ Covid-19 ពីរសប្តាហ៍បន្ទាប់ពីលោកស្រី បានចោទប្រកាន់ វេជ្ជបណ្ឌិតម្នាក់មិនបានមើលថែរ និងព្យាបាលគាត់ឲ្យបានដិតដល់ ដោយសារតែឃើញគាត់ស្បែកខ្មៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងឃ្លីបវីដេអូខ្លីមួយ ដែលបានថតចេញពីគ្រែរបស់លោកស្រី នៅឯមន្ទីរពេទ្យមួយ ស្ថិតនៅក្នុងរដ្ឋ Indiana នៃសហរដ្ឋអាមេរិក លោកស្រី Susan Moore បាននិយាយរៀបរាប់ថា គ្រូពេទ្យដែលមើលថែជំងឺរបស់លោកស្រី បានច្រានចោលរោគសញ្ញារបស់លោកស្រី ដោយបដិសេធថា លោកស្រីមិនមានរោគសញ្ញាពិបាកដកដង្ហើមឡើយ ខណៈដែលលោកស្រីស្ទើដាច់ខ្សល់ស្លាប់ទៅហើយនោះ។

នៅក្នុងឃ្លីបវីដេអូដដែលនោះ លោកស្រី Susan Moore បានសង្កត់ធ្ងន់ថា ដើម្បីទទួលបានថ្នាំលេបម្តងៗ លោកស្រីត្រូវធ្វើជាអ្នកសុំទាន។ ហើយទោះបីជា លោកស្រីកំពុងស្ថិតក្នុងស្ថានភាពជំងឺដ៏ធ្ងន់ធ្ងរក៏ដោយ ក៏គ្រូពេទ្យម្នាក់នោះ ថែមទាំងគំរាមបញ្ជូនលោកស្រី ទៅផ្ទះវិញទៀតផង។

គួរបញ្ជាក់ថា លោកស្រីវេជ្ជបណ្ឌិត Susan Moore បានទទួលមរណភាព កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ ដោយសារជំងឺ Covid-19។ វេជ្ជបណ្ឌិតរូបនេះ បានស្លាប់ប្រហែលជាពីរសប្តាហ៍ បន្ទាប់ពីលោកស្រីបានចែករំលែកវីដេអូមួយ ដែលលោកស្រីបានចោទប្រកាន់វេជ្ជបណ្ឌិតម្នាក់ ពីការព្រងើយកន្តើយ និងមិនព្រមយកចិត្តទុកដាក់នឹងលោកស្រី ខណៈដែលលោកស្រីដើរតួធ្វើជាអ្នកជំងឺផង និងវេជ្ជបណ្ឌិតដោយខ្លួនឯងផង៕