(ញូដេលី)៖ ក្រុមមន្ត្រីឥណ្ឌានៅថ្ងៃសុក្រនេះបានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌាកំពុងត្រៀមខ្លួនសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅទូទាំងប្រទេស ជាមួយការហាត់សមចាត់ចែងវ៉ាក់សាំង ដែលត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋចំនួន៤ រួមមានរដ្ឋអាន់ដ្រាប្រាដេស (Andhra Pradesh), រដ្ឋអាស្សាម (Assam), រដ្ឋហ្គូចារ៉ាត (Gujarat) និងរដ្ឋភុនចាប (Punjab) នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា «អ្នកគ្រប់គ្រងវ៉ាក់សាំងនឹងដើរតួយ៉ាងសំខាន់នៅក្នុងយុទ្ធនាការនេះ ដូច្នេះហើយទើបការបណ្តុះបណ្តាលនិងហាត់ហាម ត្រូវបានចាប់ផ្តើមនៅតាមរដ្ឋជាច្រើន។ រដ្ឋាភិបាលបានរៀបចំកម្មវិធីបណ្តុះបណ្តាលយ៉ាងលម្អិត សម្រាប់ក្រុមអ្នកកាន់តួនាទីខុសៗគ្នាក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំងជូនប្រជាជន រួមមានអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត, អ្នកចាក់វ៉ាក់សាំង, អ្នកគ្រប់គ្រងសីតុណ្ហភាព, អ្នកត្រួតពិនិត្យ ព្រមទាំងអ្នកគ្រប់គ្រងទិន្នន័យជាដើម»។
ក្រុមមន្ត្រីឥណ្ឌាបានកត់សម្គាល់ថា «ដើម្បីវាយតម្លៃពីភាពរួចរាល់របស់យើង សកម្មភាពហាត់សមនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៨-២៩ ខែធ្នូ នៅក្នុងរដ្ឋចំនួន០៤។ ការហាត់សមនឹងរួមបញ្ចូលទាំងការធ្វើតេស្តកន្លែងស្តុកទុកវ៉ាក់សាំង មធ្យោបាយដឹកជញ្ជូនវ៉ាក់សាំង ជាពិសេសការគ្រប់គ្រងគម្លាតសុវត្ថិភាពនៅពេលដែលមានមនុស្សច្រើនទៀតផង»។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញថ្នាក់ជាតិទទួលបន្ទុកគ្រប់គ្រងវ៉ាក់សាំងរបស់ប្រទេសឥណ្ឌា បានផ្តល់អនុសាសន៍ដល់ក្រុមអាទិភាពចំនួន ៣ រួមមាន បុគ្គលិកសុខាភិបាល (ប្រហែលជា ១០ លាននាក់) បុគ្គលិកជួរមុខ (ប្រហែលជា ២០ លាននាក់) និងក្រុមអាយុដែលមានអាទិភាព (ប្រហែលជា ២៧០ លាននាក់) សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងដំណាក់កាលដំបូង។ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌាលោក ហាស្ស វ៉ាដាន (Harsh Vardhan) កាលពីពេលថ្មីៗនេះធ្លាប់បាននិយាយថា ការចាក់វ៉ាក់សាំងអាចនឹងចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២១៕